លំនៅដ្ឋាន២ខ្នង សង់ពីឈើលើ ថ្មក្រោម របស់ប្រជា ពលរដ្ឋ នៅសង្កាត់ច្រាំងចំរេះទី១ ត្រូវបានភ្លើងឆេះ ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី
ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២ខ្នង ដែលសង់ពីឈើលើថ្មក្រោម នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ត្រូវបានភ្លើងឆេះ បណ្ដាលឱ្យរងការខូចខាត ដែលសមត្ថកិច្ចសង្ស័យថា មកទុស្សេខ្សែភ្លើង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីអគ្គីភ័យនៅចំណុចខាងលើ លោកបានបញ្ជាកម្លាំង រថយន្តពន្លត់អគ្គីភ័យ ចេញយ៉ាងញាប់ដៃញាប់ជើង សម្រុកបាញ់ទឹកពន្លត់នៅកន្លែងកើតហេតុ ជាក់ស្តែង កម្លាំងបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ ៧គ្រឿង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនបណ្តាលអោយមនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះឡើយ ។
លោកនាយការិយាល័យ បញ្ជាក់ថា ម្ចាស់ផ្ទះទាំង២ខ្នង មានឈ្មោះ រូន យ៉ា និង រូន ម៉ាត់ ហើយចំពោះការខូចខាត នឹងមូលហេតុ ដែលបង្កអោយកើតមានហេតុការណ៍គ្រោះអគ្គីភ័យនេះ ជំនាញលោក សន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ ដោយ ប៊ុនធី និងវណ្ណលុក