ក្រុមហ៊ុនកម្ពុជា២០ស្នើសុំចុះបញ្ជីដើម្បីនាំចេញស្វាយទៅចិន
ក្រសួងកសិកម្មបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនានេះ ក្រសួងបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន២០ក្រុមហ៊ុន ម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១ ២៨៦ហិកតា។ នេះគឺជាការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វ៉េង សាខុន ដែលបានថ្លែងក្នុងពិធីចុះហត្ថេលេខាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្តីពីការតម្រូវលក្ខខណ្ឌនៃស្តង់ដាភូតគាមអនាម័យសម្រាប់ការនាំចេញស្វាយស្រស់ពីកម្ពុជា។

លោករដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាតាមរយ:ការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។
ក្រៅពីនេះ វិស័យ ផលិកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត។

បន្ទាប់ពីពិធីសារនេះចូលជា ធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈានដល់ការនាំចេញបាន។
លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពីពីនីតិវិធីនិងលកខខ័ណ្ធតម្រូវ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញពេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឱ្យបានជាប្រយោជន៍ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថា កម្ពុជាមានឱកាសក្នុងការប្រកួតប្រជែងប្រកបដោយកិតកិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ។
អគ្គរដ្ឋទូតចិនបានលើកឡើងថា វិស័យកសិកម្មកម្ពុជា បាននឹងកំពុងបន្តពង្រឹង និងពង្រីកយ៉ាងសកម្មធ្វើយ៉ាងណាពង្រីកសក្តានុពលនាំចេញកសិផលកម្ពុជានៅកាន់ទីផ្សារធំចិន ហើយជាក់ស្តែងក្រៅពីផលិតផលអង្ករ និងចេកអំបូងលឿង ពិធីសារនាថ្ងៃនេះ និងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជាហូរចូលទីផ្សារចិន។ ពិតណាស់ ការនាំ ចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវីញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់៕
