អង្គការសុខភាពពិភពលោក WHO ស្នើឱ្យបិទប្រទេសប៉ាគីស្ថានជាបណ្តោះអាសន្ន ខណៈករណីឆ្លងរាតត្បាត COVID-19 កើនឡើងខ្លាំង
ប៉ាគីស្ថាន៖ អង្គការសុខភាពពិភពលោក WHO បានប្រាប់អាជ្ញាធរប៉ាគីស្ថានថា គួរតែអនុវត្តន៍ការបិទប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងជម្ងឺ COVID-19 ដែលកំពុងកើនឡើង ខណៈប៉ាគីស្ថានបន្ធូរបន្ថយការរឹតត្បិត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។
ចាប់តាំងពីផ្ទុះមេរោគនេះក្នុងប្រទេសប៉ាគីស្ថាន កាលពីខែមីនាកន្លងមក នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ បានជំទាស់ប្រឆាំងការបិទប្រទេសទាំងស្រុង ដែលជាវិធានការមួយត្រូវបានគេឃើញនៅកន្លែងផ្សេងទៀតផងដែរ ដោយលោកអះអាងថា ប្រទេសក្រីក្រមួយនេះមិនអាចធ្វើដូចនេះបានទេ ។ ជំនួសការបិទប្រទេសទាំងស្រុងនោះ ខេត្តចំនួន០៤របស់ប៉ាគីស្ថានបានបញ្ជាឱ្យបិទ ប៉ុន្តែកាលពីសប្តាហ៍មុន លោក អ៊ីមរ៉ាន់ ខាន់ បាននិយាយថា ភាគច្រើនៃការរឹតត្បិតទាំងនេះនឹងត្រូវបានដកចេញ ។
សូមបញ្ជាក់ថា ប៉ាគីស្ថានស្ថិតនៅលំដាប់ទី១៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ប៉ាគីស្ថានមានអ្នកឆ្លងសរុប១០ម៉ឺន៨ពាន់៣១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់១៧២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣ម៉ឺន៥ពាន់១៨នាក់ ៕