ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនឡើងជិត១ម៉ឺនករណីថែមទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ
ឥណ្ឌា៖ ឥណ្ឌារកឃើញអ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗរហូតដល់៩ពាន់៩៨៧ករណី និងអ្នកស្លាប់ថ្មីចំនួន៣៣១នាក់ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ នេះបើតាម របាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃអង្គារនេះ និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។
ឆ្លើយតបនឹងករណីឆ្លងជម្ងឺ COVID-19 យ៉ាងគំហុកនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ។ ប៉ុន្តែស្ថានការណ៍វីរុសនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និង កាន់តែកើនឡើងថែមទៀត ។
គួរបញ្ជាក់ផងដែរថា ឥណ្ឌាបានវ៉ាដាច់អ៊ីតាលី ជាប្រទេសស្ថិតនៅលំដាប់ទី៦ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ឥណ្ឌាមានអ្នកឆ្លងសរុប២៦ម៉ឺន៧ពាន់២៤៩ករណី ក្នុងនោះមានអ្នកជម្ងឺ៧ពាន់៤៧៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១២ម៉ឺន៩ពាន់២១៥នាក់ ៕