ចក្រភពអង់គ្លេសប្រកាសបន្តផ្ដល់ពន្ធអនុគ្រោះ EBA ដល់កម្ពុជាចាប់ពីថ្ងៃសទី១មករាឆ្នាំ២០២១ទៅ
ការប្រកាសនោះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រីTina Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០។ ក្នុងជំនួបនោះ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។
លោកស្រីបានបន្តថា រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសម្រេចថា នឹងមិនបន្តអនុវត្តន៍ការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺ Covid-19 មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។
លោកស្រីឯកអគ្គរាជទូតបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធ និងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ដោយបានចាត់ទុកការសម្រេចចិត្តនោះ គឺជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថាការសម្រេចចិត្តនោះ គឺពិតជាដំណឹងល្អសម្រាប់កម្មករកម្ពុជានៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ ពីមហន្តរាយនៃជំងឺ Covid-19 ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕កឹម ទៀង




