ស្ថាបនិកក្រុមហ៊ុនជនជាតិឆេកម្នាក់ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារដោយមិនចាំបាច់មានទុនវិនិយោគ
អាជីវកម្មថ្មី ៖ចាត់ទុកថាជារឿងមួយដ៏អស្ចារ្យសម្រាប់ស្ថាបនិកក្រុមហ៊ុនអាជីវកម្មកើតថ្មីដែលជាជនជាតិឆេក
ម្នាក់បានក្លាយទៅជាមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារទាំងដែលលោកមិនបានទម្លាក់ប្រាក់ធ្វើជាដើមទុនវិនិយោគនោះឡើយសម្រាប់ក្រុមហ៊ុនរបស់ខ្លួនដែលមានឈ្មោះថា JetBrains s.r.o។
ជាធម្មតាក្រុមហ៊ុនអាជីវកម្មដែលទើបកើតថ្មី ឬ Startup Business ត្រូវការចាំបាច់នូវដើមទុនវិនិយោគបន្ថែម
ដើម្បីឲ្យពួកគេអាចសម្រេចបាននូវភាពជោគជ័យតាមផែនការ ប៉ុន្តែសម្រាប់លោក Maxim Shafirov វិញគឺខុស
ពីគេ ហើយបច្ចុប្បន្នជឿជាក់ថា JetBrains មានទំហំរហូតទៅដល់ 7 ពាន់លានដុល្លាររួចមកហើយដែលមិនធ្លាប់
ត្រូវបានទទួលការវិនិយោគណាមួយឡើយ។
JetBrains មានមូលដ្ឋាននៅក្នុងទីក្រុងប្រាកប្រទេសឆេកដែលមានជំនាញខាងសរសេរកម្មវិធីកូដរបស់
កំព្យុទ័រនោះគឺបានក្លាយទៅជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនយក្ស Google ប្រើប្រាស់នៅក្នុងកម្មវិធី
អភិវឌ្ឍន៍របស់ Android។ ក្រៅតែពីលោក Maxim ក៏មានសហស្ថាបនិក 2 រូបទៀតគឺលោក Sergey
Dmitirev និងលោក Valentin Kipiatkov ក៏បានជាប់ឈ្មោះជាមហាសេដ្ឋីខ្ទង់ពាន់លានផងដែរ។
យោងតាមការបញ្ជាក់របស់លោក Shafirov បាននិយាយថាមុខជំនួញដ៏ជោគជ័យរបស់ខ្លួនមកលដល់
ពេលនេះគឺមានអតិថិជនភាគច្រើនជាអ្នកដែលធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យាដោយក្នុងនោះលោកបាន
បង្ហាញតួលេខថាក្រុមអ្នកសរសេរកម្មវិធីកំព្យុទ័រដល់ទៅ 9,5 លាននាក់កំពុងប្រើប្រាស់កម្មវិធីរបស់ JetBrains ហើយក្នុងនោះ២០ភាគរយជាអ្នកដែលតែងតែបង់ប្រាក់ដើម្បីទទួលបានសេវាកម្មបន្ថែម។
ដោយឡែកអតិថិជនធំៗរបស់ខ្លួនទាំង 500 ក្នុងនោះមានចំនួន 430 មានប្រភពមកពីក្រុមហ៊ុនបច្ចេកវិទ្យា និងអាជីវកម្មល្បីៗលើសាកលលោក ដូចជា Citigroup Inc., Google និង Volkswagen ជាដើមហើយ
ការិយាល័យធំក្នុងការសរសេរកម្មវិធីរបស់ JetBrains បច្ចុប្បន្នគឺមានទីតាំងស្ថិតនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្សីដោយមានបុគ្គលិកធ្វើការសរុប1500 គឺស្ទើរតែពាក់កណ្តាលនៃបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន។
យុទ្ធសាស្ត្រថ្មីទៀតរបស់ JetBrains នៅពេលនេះគឺធ្វើការយ៉ាងណាអាចពង្រីកទីផ្សាររបស់ខ្លួនចូលទៅក្នុង
ប្រព័ន្ធនៃការធ្វើការងាររបស់មនុស្សដោយកាលពីសប្តាហ៍មុនក្រុមហ៊ុនទើបតែដាក់បង្ហាញផលិតផលថ្មីមួយ
របស់ខ្លួនសម្រាប់ប្រកួតប្រជែងទៅនឹងក្រុមហ៊ុន Atlssian Corp និង Slack Technologies Inc., ហើយ
ជាក់ស្តែងផលិតផលនេះគឺបានឈានទៅដល់ការទិញលក់ពីសំណាក់ក្រុមហ៊ុន Salesforce.com រួចទៅ
ហើយក្នុងតម្លៃប្រមាណជា 27,7ពាន់លានដុល្លារ៕