ឆ្លងចរន្តអគ្គិភ័យឆេះផ្ទះឈើប្រក់ស័ង្កសី ជាន់ទី២ នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ខ្ទេចគ្មានសល់តែគ្មានអ្នករងរបួសនោះទេ
ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសី ជាន់ទី២ នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ខ្ទេចគ្មានសល់តែគ្មានអ្នករងរបួសនោះទេ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ កន្លែងក្បែរអតីតរោងកុន តាមបណ្ដោយផ្លូវលេខ៦៣១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហុយចេញពីដំបូលផ្ទះល្វែងខាងលើជាខ្លាំង ទើបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ ខណៈពេលនោះម្ចាស់ផ្ទះក៏មិននៅផងដែរ ។
ក្រោយពីទទួលព័ត៌មានខាងលើភ្លាមៗ គេសង្កេតឃើញមានរថយន្តពន្លត់អគ្គិភ័យជាច្រើនអង្គភាព និងរថយន្តពន្លត់អគ្គិភ័យរបស់ឯកជន ព្រមទាំងមន្ត្រីជំនាញជាច្រើន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ ។
របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឡាំង អ៊ាបខេង ភេទស្រី អាយុ៤៩ឆ្នាំ (ជនជាតិ ខ្មែរ) មានមុខរបរជា មេផ្ទះ ហើយមូលហេតុនៃការឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយផ្ទះដែលឆេះ ជាប្រភេទសំណង់ឈើប្រក់ស័ង្កសី (ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ) ខូចខាតសម្ភារ ឆេះផ្ទះឈើប្រក់ស័ង្កសី រួមជាមួយសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង (ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ ) នឹងឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងអស់១ជំហៀងផ្ទះ ។ ក្នុងប្រតិបត្តិការណ៍នេះ មានរថយន្តការិយាល័យ អគ្គិភ័យ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង ៦៤ម៉ែត្រ គូប។
- រថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង ១២ម៉ែត្រ គូប
- រថយន្តជំនួយរបស់កងរាជអាវុធហត្ថ ចំនួន ៣គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន ស្មេីនឹង ១២ម៉ែត្រ គូប
- រថយន្តជំនួយរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីនឹង ៦ម៉ែត្រ គូប
- រថយន្តជំនួយរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៤គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ឡាន ស្មេីនឹង ២៤ម៉ែត្រ គូប
- រថយន្តជំនួយរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង ១២ម៉ែត្រ គូប ៕ដោយ / គ្រី សម្បត្តិ










