Lockheed ចាយលុយ 4,4 ពាន់លានដុល្លារទិញក្រុមហ៊ុនផលិតម៉ាស៊ីនគ្រាប់រ៉ូកែតមួយ

បរទេស ៖ យោងទៅតាមការប្រកាសជូនដំណឹងពីសំណាក់ក្រុមហ៊ុនផលិតអាវុធដ៏ល្បីរបស់អាមេរិក Lockheed Martin Corp កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗនេះបានឲ្យដឹងថាកិច្ចព្រមព្រៀងគ្នាមួយដើម្បីទិញយកក្រុមហ៊ុនផលិតម៉ាស៊ីនសម្រាប់ដំណើរការគ្រាប់រ៉ូកែតដែលមានឈ្មោះថា Aerojet Rocketdyne Holdings Inc ត្រូវបានធ្វើឡើងរួចរាល់ហើយ។

សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងទិញលក់នេះមានតម្លៃប្រមាណជា 4,4 ពាន់លានដុល្លារដែលរាប់បញ្ចូលទាំងបំណុល និងប្រាក់សុទ្ធផង ហើយវាត្រូវបានគេមើលឃើញថាគឺជាកុងត្រាទិញលក់ដ៏ធំបំផុតរបស់ Lockheed ចាប់តាំងតែពីមានវត្តមានរបស់ប្រធានប្រតិបត្តិថ្មីកាលពីខែមិថុនាកន្លងមក។

អ្វីដែលគេអាចមើលឃើញពីគោលបំណងធំរបស់ប្រធានប្រតិបត្តិក្រុមហ៊ុនថ្មីរូបនេះនោះគឺថាលោកមានមហិច្ឆិតាធំក្នុងការប្រកួតប្រជែងនៅក្នុងវិស័យស្រាវជ្រាវ និងដឹកជញ្ជូនទៅកាន់លំហអាកាសជាមួយនឹងក្រុមហ៊ុនយក្សទាំង 2 ទៀតដូចជា SpaceX របស់លោក Elon Musk និង Blue Origin របស់លោក Jeff Bezos ផងដោយរំពឹងទុកយ៉ាងជឿជាក់ថានឹងអាចប្រមូលបានកុងត្រាសំខាន់ៗពីសំណាក់រដ្ឋាភិបាលអាមេរិកនាពេលខាងមុខ។

Lockheed បានបន្តទៀតដែរថាដំណើរការផ្ទេរប្រតិបត្តិការដែលនឹងត្រូវត្រួតពិនិត្យដោយផ្ទាល់ពីក្រុមនិយ័តកររបស់អាមេរិកក្នុងនាមជាក្រុមហ៊ុនដែលនាំមុខគេបំផុតនៅក្នុងវិស័យការពារជាតិហើយរំពឹងទុកថាវានឹងចប់សព្វគ្រប់នៅក្នុងពាក់កណ្តាលឆ្នាំ2021 ខាងមុខនេះជាមិនខាន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner