ភាពឆ្លាតវៃរបស់កុមារធ្លាក់ចុះ 2.6ពិន្ទុ ប្រសិនបើកុមារមិនបានបៅទឹកដោះម្តាយ
ភ្នំពេញ៖ កុមារតូចប្រៀបដូចជាកែវភ្នែករបស់ម្តាយឪពុក ដែលត្រូវថែរក្សាថ្នាក់ថ្នម ផ្តល់អាហារ និងការពារពួក
គេគ្រប់ពេលវេលា។ ទារកអាយុប្រាំមួយខែ ចាប់ផ្ដើមបៅច្រើនជាងមុន ហើយការបំបៅកូនដោយទឹកដោះម្តាយ
សំខាន់បំផុតក្នុងដំណាក់កាលនេះ។ ទន្ទឹមគ្នានេះ ភាពឆ្លាតវៃរបស់កុមារ ឬ IQ (intelligence quotient) នឹង
ធ្លាក់ចុះ 2.6ពិន្ទុ ប្រសិនបើកុមារមិនបានការបំបៅទឹកដោះម្តាយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខា
ភិបាលកាលពីកញ្ញា ឆ្នាំ2020 កន្លងទៅ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា កុមារមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ មានទំហំខួរ
ក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយពេញលេញ។ លើសពីនេះ កុមារបាត់បង់ភាពឆ្លាតវៃ
ចំនួន 2.6 ពិន្ទុ ប្រៀបធៀបនឹងកុមារទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ។
IQ ជាកម្រិតភាពឆ្លាតវៃ ឬរង្វាស់បញ្ញា។ IQ វាយតម្លៃបញ្ញាមនុស្សដែលទទួលបានដោយបែងចែកពិន្ទុទទួល
តាមរយៈការធ្វើតេស្តសមត្ថភាពនៃការចងចាំ។ តេស្ត IQ ស្តង់ដារមានពិន្ទុចន្លោះពី 80 -129 ត្រូវបានបង្កើត
ឡើងដើម្បីស្ទង់មើលប្រាជ្ញារបស់មនុស្ស។ មនុស្សដែលមានពិន្ទុ IQ ខ្ពស់ភាគច្រើនពូកែផ្នែកវិទ្យាសាស្ត្រ និង
គណិតវិទ្យា។


ទន្ទឹមគ្នានេះក្រសួងសុខាភិបាល បានរកឃើញថា ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្ដាយ រួមទាំងទឹក
ដោះគោផ្សំតាមរូបមន្ត អាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជា ជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវ័យ
ចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង បណ្តាលឱ្យកុមារមានបញ្ហាលើសទម្ងន់ និង
ធាត់ជ្រុលជាដើម។
ស្របនឹងការបង្ហាញរបស់សុខាភិបាលខាងលើនេះ អ្នកស្រី ស្វាយ សារី អ្នកសម្របសម្រួលកម្មវិធីជាតិស្ដីពីការ
អនុវត្តមន្ទីរពេទ្យស្រឡាញ់ទារក នៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មានប្រសាសន៍បញ្ជាក់ប្រាប់ AMSថា
ទឹកដោះម្តាយសំខាន់បំផុតសម្រាប់ទារក ដែលម្តាយគ្រប់រូបគួរជ្រើសរើសការបំបៅកូនដោយទឹកដោះតែមួយគត់
ក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក។
អ្នកស្រី ស្វាយ សារី ៖ “ការបំបៅកូនដោយទឹកដោះតែមួយគត់ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក មានសារៈសំខាន់ក្នុងការធានាឱ្យទារកទើបកើត និងកុមារតូចមានសុខភាព។ ទារកបៅទឹកដោះម្តាយតែមួយ
គត់ក្នុងរយៈពេល 6ខែដំបូង ប្រឈមមុខនឹងការស្លាប់តិចជាង 14 ដង បើធៀបទៅនឹងទារកដែលមិនបានបៅ
ទឹកដោះម្តាយ”។
អ្នកជំនាញអាហារូបត្ថម្ភរូបនេះ បានបន្ថែមទៀតថា ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្រ្តដ៏ល្អបំផុតនៃ
ការចាប់ផ្តើមអាហារូបត្ថម្ភល្អសម្រាប់ទារក ដែលទឹកដោះគោម្សៅមិនអាចជំនួសគុណប្រយោជន៍របស់ទឹកដោះ
ម្តាយបានឡើយ។


“ទឹកដោះម្តាយជួយដល់ប្រព័ន្ធការពាររាង្គកាយទារក អភិវឌ្ឍផ្នែកចលនា និងសតិបញ្ញា កាត់បន្ថយជំងឺឆ្លងបង្កើន
ចំណងចិត្តជាមួយម្តាយ ឬភាពលើសទម្ងន់ជាដើម” អ្នកស្រី ស្វាយ សារី បញ្ជាក់បន្ថែម។
ភស្តុតាងវិទ្យាសាស្ត្របានបញ្ជាក់ថា បំបៅកូនដោយទឹកដោះម្ដាយភ្លាមៗ បន្ទាប់ពីទារកសម្រាលរួចអាចទប់ស្កាត់
មរណភាពទារកបាន 20 ភាគរយ។ កុមារដែលទទួលបានការបំបៅទឹកដោះម្តាយតែមួយមុខគត់អំឡុងពេល6ខែ
អាចកាត់បន្ថយជំងឺរាគរួសបាន 11 ដងនិងជំងឺរលាកសួតបាន 15 ដង បើធៀបជាមួយកុមារដែលមិនបានទទួល
ការបំបៅដោយទឹកដោះម្ដាយ។
ក្រសួងសុខាភិបាលបានលើកឡើងថា សារជាតិចិញ្ចឹមសំខាន់ៗមាននៅក្នុងទឹកដោះម្តាយ រួមមានប្រូតេអ៊ីនដែល
ជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍន៍ការលូតលាស់រាងកាយរបស់កុមារ។ ទន្ទឹមគ្នានេះ ទឹកដោះម្តាយ មានជាតិស្ករឡាក់តូស ជួយផ្ដល់កម្លាំងថាមពលដល់កុមារ។ ទឹកដោះម្តាយមានជាតិខ្លាញ់ជួយទ្រទ្រង់រចនា
សម្ព័ន្ធកោសិការាងកាយកុមារ និងថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យមានលំនឹង ជួយរាងកាយកុមារដើម្បីស្តុក
ថាមពលនិងជាតិទឹក ដែលជាតម្រូវការចាំបាច់របស់កុមារជាប្រចាំ។
ខណៈការបំបៅទឹកដោះម្តាយសំខាន់សម្រាប់ជីវិត រាងកាយ ព្រមទាំងប្រាជ្ញា និងស្មារតីរបស់កុមារ ការផ្តល់
អាហាររូបត្ថម្ភត្រឹមត្រូវដល់កុមារក៏ម្តាយឪពុកបច្ចុប្បន្នមិនគួរមើលរំលងដែរ។
ចាប់តាំងពីទារកកើតចេញពីផ្ទៃម្តាយរហូតដល់ 6ខែ ម្តាយឪពុក ឬអាណាព្យាបាល គាប្បីបំបៅកូនដោយដោះ
ម្តាយតែមួយមុខសុទ្ធ មិនត្រូវផ្តល់សារធាតុរាវផ្សេងៗឬអាហារឡើយ។ ដោយឡែកទារកមានអាយុពី 6ខែទៅ 12ខែ ត្រូវបន្តការបំបៅដោះដោយទឹកដោះម្តាយ និងត្រូវផ្តល់អាហារបន្ថែមមានលក្ខណៈម៉ត់ ដើម្បីឲ្យរាងកាយ
កុមារងាយបឺតស្រូប ហើយជាអាហារចម្រុះ (បបរខាប់គ្រប់គ្រឿង) ឱ្យបានមួយថ្ងៃបីដង។
អាហារបន្ថែមសំខាន់សម្រាប់កុមារក្នុងវ័យនេះ ដោយសារវាជាជំហានដំបូងដែលកុមាររៀនស្គាល់រសជាតិអាហារ
ប្រភេទរឹង និងរៀនទំពារ ដែលមានឥទ្ធិពលខ្លាំងលើការលូតលាត់ទាំងបញ្ហាស្មារតី និងរាងកាយរបស់គេ។
តាមការណែនាំរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កុមារអាយុពី 12 ខែដល់ 20 ខែ ត្រូវផ្តល់របបអាហារឱ្យ
បានគ្រប់គ្រាន់ បន្តបន្ថែមបំបៅទឹកដោះម្តាយ។ ការផ្តល់អាហារក្នុងដំណាក់កាលនេះ ជាអាហារទន់ងាយសម្រាប់
កុមារទទួលទាន។ អាហារសំខាន់ៗសម្រាប់កុមារអាយុចាប់ពី 24 ខែឡើងទៅ មានដូចជា ប្រភេទក្រុមអាហារថាមពល ក្រុមអាហារស្ថាបនា និងក្រុមអាហារការពារ។
ក្រុមអាហារថាមពល ៖ ជាអាហារដែលផ្តល់នូវកម្លាំងមានដូចជាៈ បាយ ពោត ដំឡូង ត្រាវចេកទុំ គ្រាប់ធញ្ញជាតិ ស្ករ ផ្លែឈើទុំ ទឹកឃ្មុំ ទឹកដោះម្តាយ ទឹកដូង ទឹកដោះគោ ខ្លាញ់ ប្រេងធញ្ញជាតិ ជាតិម្សៅ និងជាតិស្ករ។
ក្រុមអាហារស្ថាបនា ៖ ជាប្រភេទអាហារទ្រទ្រង់ឬអភិវឌ្ឍន៍រាងកាយ និងការលូតលាស់នៃសាច់ដុំ ខួរក្បាល និងផ្នែកជាច្រើនទៀតនៃរាងកាយ។ អាហារទាំងនោះរួមមានៈ សាច់ ទឹកដោះ ស៊ុត សណ្តែកសៀង តៅហ៊ូ និងគ្រឿងសមុទ្រ…។
ក្រុមអាហារការពារ ៖ ជាប្រភេទអាហារសម្បូរដោយជីវជាតិអាជាតិដែក និងជាតិអ៊ីយ៉ូដ មានដូចជា បន្លែដែល
មានស្លឹកពណ៌បៃតង ផ្លែឈើស្រស់ សាច់ ស៊ុត ត្រី ខ្លាញ់ ថ្លើមត្រី គ្រាប់ធញ្ញជាតិ អាហារសមុទ្រ អំបិលអ៊ីយ៉ូដ និងប្រភេទអាហារកែច្នៃផ្សេងៗទៀត។ ការអនុវត្តតាមវិធីទាំងនេះ កុមារនឹងមានសុខភាពរឹងមាំ រាងកាយ និងប្រាជ្ញាស្មារតីកុមារលូតលាស់ល្អប្រសើរ។
យោងតាមការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ 2014 អត្រាស្លាប់របស់ទារក និងកុមារបានធ្លាក់ចុះ
ជាលំដាប់នៅកម្ពុជា។ អត្រាមរណភាពរបស់កុមារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកង្វះអាហាររូបត្ថម្ភ ជា
ពិសេសនៅក្នុងរយៈពេល 1ពាន់ថ្ងៃដំបូងនៃជីវិតកុមារ។
សូមបញ្ជាក់ថា កង្វះអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងគ្រួសារ កង្វះចំណេះដឹងពីរបបអាហារសម
ស្របសម្រាប់ទារក និងកុមារ កង្វះអនាម័យ និងការទទួលសេវាសុខាភិបាលមិនគ្រប់គ្រាន់ សុទ្ធតែបង្កជាបញ្ហា
កង្វះអាហាររូបត្ថម្ភកម្រិតខ្ពស់។ នេះបើយោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា
(CDHS)។
របាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ 2014 នេះ ឱ្យដឹងថា បញ្ហាកុមារខ្វះអាហាររូបត្ថម្ភនៅតែជាបញ្ហាគួរឱ្យ
បារម្ភនៅក្នុងប្រទេសកម្ពុជា។ កង្វះអាហាររូបត្ថម្ភបណ្តាលឱ្យកុមារប្រមាណ 4500 នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដែលតួលេខនេះស្មើនឹងមួយភាគបីនៃចំនួនកុមារស្លាប់ទាំងអស់ក្នុងប្រទេសកម្ពុជា។
ក្រៅពីសម្លាប់កុមារកម្ពុជាជាច្រើននាក់ កង្វះអាហាររូបត្ថម្ភនេះក៏បានបង្កជាបញ្ហាសុខភាពដល់កុមារកម្ពុជា
ផងដែរ។ របាយការណ៍ដដែលឱ្យដឹងថា កុមារអាយុក្រោមប្រាំឆ្នាំចំនួន 32 ភាគរយមានបញ្ហាក្រិសក្រិន (កុមារមានកម្ពស់ទាបពេកធៀបនឹងអាយុ) 10 ភាគរយមានបញ្ហាស្គមស្គាំង និងចំនួន 24 ភាគរយមាន
បញ្ហាខ្វះទម្ងន់។
សំណួរចោទសម្រាប់ម្ដាយឪពុកនិងអាណាព្យាបាលនៅពេលនេះ តើគួរបំបៅកូនដោយទឹកគោម្សៅតាមរូបមន្តផ្សំ ឬបំបៅដោយទឹកដោះម្តាយ? ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធយល់ថា ការបំបៅទឹកដោះគោម្សៅតាមរូបមន្ត
ផ្សំ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចការបំបៅកូនដោយទឹកដោះម្ដាយឡើយ៕