អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា យកអំណោយ និងថវិកាជូនប្រជាពលរដ្ឋក្រីក្រ
ភ្នំពេញ៖ ដើម្បីសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាព្រឹក ថ្ងៃអង្គារ ៨កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងនៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបាននាំ យកនូវអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ចំនួន១៧គ្រួសារ ក្នុងសង្កាត់ព្រែកប្រា ក្នុង០១គ្រួសារទទួលបានអង្ករចំនួន ២៥គ.ក គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ។
នៅក្នុងពិធីចែកអំណោយនេះដែរលោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅ ត្រូវបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធ និងការបង្ការ ការពារជម្ងឺកូវីដ១៩ ត្រួវលាងដៃឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាសជាប់ជាប្រចាំ និងមិនត្រូវនៅកន្លែងណាដែលមានមនុស្ស ប្រមូលផ្តុំច្រើន បើមិនមានការចាំបាច់មិនត្រូវចេញក្រៅផ្ទះជាដាច់ខាត។
លោកអភិបាលខណ្ឌបានថ្លែងបន្តថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានចាត់ឱ្យសាខា និងអនុសាខាកាកបាទក្រហមទាំងអស់ ចុះឱ្យដល់មូលដ្ឋាន និងនាំយកអំណោយចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា និងជនងាយរងគ្រោះជាដើមនោះ ទើបក្រុមការងារ បានស្រាវជ្រាវ និងចែកអំណោយជូនបងប្អូននៅថ្ងៃនេះ និងនៅពេលកន្លងមក ពោល គឺចែកជូនពលរដ្ឋដែលខ្វះខាតទាំងអស់ ដោយមិន ប្រកាន់និន្នាការនយោបាយឡើយ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពរដ្ឋ ឱ្យមានការ ប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលនៅភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី សូមចៀសវាងកុំដាក់ដាំបាយ ដាំទឹក ឬដុតទានធូបទុកចោលឱ្យសោះ ៕សណ្តោស





