ថវិកាជិត២០០លានរៀលត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន២ ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១១៤លាន៧សែន៨ម៉ឺន៥ពាន់៥០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគីរី ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១ពាន់៣២៧គ្រួសារ រស់នៅក្នុងខេត្តរតនគិរី។
នៅថ្ងៃ២២ធ្នូនេះផងដែរ ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៧៩លាន៦ម៉ឺនរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី បន្ថែមពីលើថវិការបស់សាខាចំនួន ២១លាន២សែន៤ម៉ឺនរៀល ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១ពាន់១៨០គ្រួសារ រស់នៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ តាមគម្រោងគ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០ម៉ឺន៤ពាន់៩៤២ គ្រួសារមកហើយ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ធ្នូ ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤ម៉ឺន៥៩៣គ្រួសារ រស់នៅភូមិចំនួន១ពាន់៤១ ឃុំនៅទូទាំង២៥រាជធានីខេត្ត៕កឹម ទៀង
