Apple នឹងងាកមកចាប់ផ្តើមទីផ្សារផលិតរថយន្តឲ្យបាននៅឆ្នាំ2024
បរទេស ៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយនៅពេលដែលយើងអាចនឹងដឹងដំណឹងបានថាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បី Appleពេលនេះកំពុងតែមានផែនការងាកមកផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិវិញហើយក្នុងនោះគេជឿជាក់ទៀតថារថយន្តដំបូងរបស់ខ្លួននឹងចាប់ផ្តើមមានវត្តមានចាប់ពីឆ្នាំ2024 ខាងមុខនេះហើយ។
យោងតាមប្រភពដ៏ច្បាស់ការមួយដែលបានផ្តល់ទៅឲ្យក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័របានបញ្ជាក់កាលពីពេលថ្មីៗនេះថាកិច្ចខំប្រឹងប្រែងរបស់ Apple សម្រាប់រថយន្តបើកបរស្វ័យប្រវត្តិនេះត្រូវបានគេស្គាល់ឈ្មោះថាជាគម្រោង Titan Project ដែលវាត្រូវបានគេបង្ហើបប្រាប់ដំបូងតាំងតែពីឆ្នាំ2014 មកម្ល៉េះនៅពេលដែល Apple ចាប់ផ្តើមឌីសាញរូបរាងពីគំនូសគូសដោយដៃ។
មកដល់បច្ចុប្បន្ននេះគេជឿជាក់ថា Apple បានកំពុងព្យាយាមយកការងារនេះមកចាប់ផ្តើមវាយតម្លៃឡើងវិញហើយដោយផ្តោតយកចិត្តទុកដាក់ជាពិសេសទៅកម្មវិធីនៃបច្ចេកវិទ្យារបស់រថយន្ត និងជាពិសេសជាមួយនឹងបច្ចេកវិទ្យាថ្មរបស់ខ្លួនដែលមានស្រាប់តែម្តង។
លោក Doug Field បុគ្គលិកចាស់របស់ក្រុមហ៊ុន Apple ដែលធ្លាប់បានធ្វើការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Telsa បានមួយរយៈធំនោះក៏ត្រូវបានគេដឹងដែរថាបានវិលត្រឡប់មកចូលរួមជាមួយនឹង Apple វិញកាលពីឆ្នាំ2018 ហើយនឹងធ្វើជាអ្នកគ្រប់គ្រងគម្រោងនេះតែម្តងផងដែរ ហើយមួយឆ្នាំបន្ទាប់ប៉ុណ្ណោះគាត់បានជម្រុះបុគ្គលិកប្រមាណជា190 នាក់ចេញ។
បើទោះបីជា Apple មិនដែលមានផែនការប្រកាសវាជាសាធារណៈនៅឡើយក្តី ប៉ុន្តែប្រភពមនុស្សពីររូបដែលជិតស្និទ្ធទៅនឹងគម្រោងនេះបានបញ្ជាក់ថាក្រុមហ៊ុនមានមហិច្ចិតាក្នុងការផលិតឲ្យបានរថយន្តនេះដើម្បីអាចប្រកួតប្រជែងទីផ្សារជាមួយនឹងរថយន្ត Waymo របស់ក្រុមហ៊ុន Alphabet Inc’s ព្រមទាំង Tesla ផង៕