លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៣ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក
កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរីក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៣ ដើម្បីសម្រេចគោលបំណងគាំទ្រចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ តាមរយៈការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅគ្រប់វិស័យ ជាពិសេសការកសាងឱ្យបាននូវទីផ្សារអាកាសចរអាស៊ានតែមួយ ដែលមានលក្ខណៈប្រកួតប្រជែង និងមានភាពរឹងមាំនៅក្នុងតំបន់អាស៊ាន ជួយសម្រួល និងលើកកម្ពស់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន កាត់បន្ថយរបាំងបច្ចេកទេស នៃវិស័យអាកាសចរដែលត្រួតគ្នា និងគ្មានប្រសិទ្ធភាព និងធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខអាកាសចរក្នុងកម្រិតខ្ពស់បំផុត ដែលផ្តល់ទំនុកចិត្តដល់សាធារណជនក្នុងការធ្វើដំណើរតាមផ្លូវអាកាស នៅក្នុងតំបន់អាស៊ាន។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តី
ព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
១.ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ ។
២.ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
ពិធីសារទី៣ ត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៣។
ពិធីសារទី៤ ត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៤។
ពិធីសារទាំង២នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដើម្បីការប្រកួតប្រជែងកាន់តែប្រសើរ នឹងទាក់ទាញការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន កាត់បន្ថយរបាំងសេដ្ឋកិច្ច និងបច្ចេកទេស ក្នុងការធ្វើសេរីភាវូបនីយកម្មពេញលេញ នៃសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ពង្រឹង និងពង្រីកសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន លើដំណើរការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍របស់អាស៊ាន។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តី
ព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម
ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ ត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅរដ្ឋធានីគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២១។
ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១០ ត្រូវបានចុះហត្ថលេខាដោយតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៣ ។
ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិ-បត្តិការលើផ្នែកសេវាកម្ម ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានឱ្យកាន់តែប្រសើរឡើងលើការប្រកួតប្រជែងស្មើភាព សមត្ថភាពផលិតកម្ម ប្រព្រឹត្តកម្ម ផ្គត់ផ្គង់ និងការចែកចាយសេវាកម្មរបស់ប្រតិបត្តិករនៅក្នុងតំបន់អាស៊ាន លុបបំបាត់ការរឹតត្បិតហួសហេតុ ចំពោះពាណិជ្ជកម្មសេវាកម្មអាកាសចរស៊ីវិល នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន និងធ្វើសេរីភាវូប-នីយកម្មពាណិជ្ជកម្ម សេវាកម្មគាំទ្រអាកាសចរស៊ីវិល តាមរយៈការពង្រីកនូវវិសាលភាព និងភាពស៊ីជម្រៅឱ្យលើសពីការអនុវត្តរបស់ប្រទេសជាសមាជិក ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មសេវាកម្ម ដែលនឹងនាំមកនូវពាណិជ្ជកម្មដោយសេរីនៅក្នុងតំបន់អាស៊ាន។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តី
ព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕ដោយ / គ្រី សម្បត្តិ













