ក្រសួងបរិស្ថាន គ្រោងបំពាក់អំពូលសូឡានៅតាមសាលារៀន នៅខេត្តព្រះសីហនុ
ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ក្រុមបច្ចេកទេស ក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុ ដែលប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។
ការបណ្តុះបណ្តាលបច្ចេកទេសស្តីអំពីរបៀបដំឡើងប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវ សូឡាPV និងម៉ូតូប្រើ អាគុយ មានមន្ត្រីតំណាងក្រុង/ស្រុកទាំងអស់នៃខេត្តព្រះសីហនុ បានចូលរួមដោយមានអ្នកជំនាញមកពីចិនបានធ្វើបទបង្ហាញដោយផ្ទាល់។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ទាំងអ្នកជំនាញ និងសិក្ខាកាមនឹងចុះពិនិត្យទំនិញដែលបានដឹកមកដល់រក្សាក្នុងឃ្លាំងនៅកំពង់ផែក្រុងព្រះសីហនុស្រាប់ ព្រមទាំងមើលការបង្ហាញអំពីរបៀបដំឡើងជាក់ស្តែងដោយអ្នកជំនាញចិន។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន មានប្រសាសន៍ថាសម្ភារៈដែលគ្រោងផ្តល់ជូនមាន៖
១.អំពូលដាក់ តាមផ្លូវ២៨០០
២.អំពូលបំពាក់តាមអាគារចំនួន ២០០ សម្រាប់ផ្តល់ជូនតាមសាលាគោលដៅនៅក្នុងខេត្តព្រះសីហនុ។
៣.ម៉ូតូប្រើអាគុយចំនួន២០០គ្រឿង សម្រាប់ចែកជូនមន្ត្រីតាមមន្ទីរបរិស្ថានទូទាំងប្រទេស។
សម្ភារៈទាំងអស់នេះបើគិតជាថវិកាប្រមាណ៣លានដុល្លា ដែលជាអំណោយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន ប្រគល់ជូនក្រសួងបរិស្ថានកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍប្រកបដោយចីរភាព និងការបញ្ចេញកាបូនទាប ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានសាទរដល់ក្រសួងបរិស្ថាន ដែលបានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ក្រុមបច្ចេកទេសក្រុង ស្រុកទាំង ៥ របស់ខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្លាំងដើម្បីចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ ។
ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកវិស័យអប់រំខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាប៉ូលមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចង់ឱ្យខេត្តព្រះសីហនុ មានធនធានមនុស្សក្នុងការគ្រប់គ្រងសេដ្ឋកិច្ចខ្លួនឯង។ ឯកឧត្តម សង្ឃឹមថា សិក្ខាកាមទាំង៥ ក្រុង ស្រុក nwgទទួលបានចំណេះដឹងថ្មីបន្ថែមទៀតយកទៅធ្វើការដំឡើង ថែរក្សាជួសជុលប្រព័ន្ធសូឡាឱ្យមានប្រសិទ្ធភាពក្នុងការប្រើប្រាស់បានយូរ ៕សាវ៉ុន










