ស្ថានទូតខ្មែរអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ អនុវត្តន៍នូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃស ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
យោងតាមសេចក្ដីជូនដំណឹងរបស់របស់ស្ថានទួតខ្មែរប្រចាំព្រះរាជាណាចក្រថៃ នៅថ្ងៃ២២ធ្នូឆ្នាំ២០២០ បានជូនដំណឹងដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃថា ដើម្បីគ្រប់គ្រង និងការពារមិនឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិត និងសុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្រសួងការងារថៃ បានចេញសសេចក្ដីប្រកាសស្នើសុំកិច្ចសហការពីនិយោជក រោងចក្រសហគ្រាស និងក្រុមហ៊ុននានាគ្រប់ទឹកកន្លែងនៅក្នុងប្រទេសថៃ ។
វិធានការទាំងនោះរួមមានទាំងការហាមចល័តពលករបរទេស ចេញ ចូល តំបន់តែមានការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។ ស្ថានទូតខ្មែរបានអំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃទាំងអស់ ត្រូវបន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់ និងរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត។
ស្ថានទូតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរណាដែលមានបញ្ហា ឲ្យទាក់ទងមកាន់ស្ថានទូត តាមរយៈលេខទូរសព្ទ័ ០៩២ ៨០៥០ ៥៦១, ០៩៤ ០៩២៥ ៩០៥ និងលេខ Hotline របស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង សម្រាប់ពលករបរទេស ចុចលេខ១៤២២ ភ្ជាប់ទៅលេខ៨១ សម្រាប់ភាសាខ្មែរ។ យោងតាមទីប្រឹក្សាស្ថានទូតកម្ពុជាទទួលបន្ទុកពលករ ប្រចាំប្រទេសថៃ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ២៣ធ្នូឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទូទាំងប្រទេស មាន ១ពាន់១០២នាក់ ដែលក្នុងនោះ ខេត្តសាមុតសាខនចំនួន ១ពាន់៦៣នាក់, ទីក្រុង បាងកក ៩នាក់, ខេត្តណាក់ខនប៉ាធុម ៨នាក់, ខេត្តសាមុតប្រាកាណ ៧នាក់, ខេត្តប៉ាធុមថានី ៣នាក់, ខេត្តសារ៉ាក់បុរី ៣នាក់, ខេត្តផេតចាប៉ូន ២នាក់, ខេត្តកាំផែងផេត ២នាក់ , ខេត្ត អុតត្រាឌីត ១នាក់, ខេត្ត នន្ទបុរី ១នាក់, ខេត្តឆាក់ឈើងសៅ ១នាក់, ខេត្តផេតបុរី ១នាក់ និងខេត្តភូកេត ១នាក់៕