រាជរដ្ឋាភិបាលប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ជាង១០០០លានរៀល ដល់៣ប្រភេទកីឡាឈ្នះមេដាយពីការប្រកួតជើងឯកពិភពលោក និងជើងឯកអាស៊ី ក្នុងឆ្នាំ២០១៩

ប្រភេទកីឡាចំនួន៣ មានកីឡាវ៉ូវីណាម តុងហ្គីលម៉ូដូ និងកីឡាប៉េតង់ ដែលឈ្នះមេដាយពីការប្រកួតជើងឯកពិភពលោក និងជើងឯកអាស៊ី កាលពីឆ្នាំ២០១៩កន្លងទៅ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន១៤៣១លានរៀល តាមរយៈក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ ។ ពិធីប្រគល់នេះបានធ្វើឡើងក្រោមវត្តមាន ឯ ឧ សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ។


តាមរបាយការណ៍ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានឲ្យដឹងថា ៣ប្រភេទកីឡា ដែលទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល មានកីឡាតុងហ្គីលម៉ូដូ ឈ្នះជើងឯកពិភពលោក កាលពីឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េខាងត្បូង មាន២១ប្រទេសចូលរួម ក្នុងនោះកម្ពុជាបញ្ជូនកីឡាករ កីឡាការិនីប្រតិភូ និងគ្រូបង្វឹក សរុប៩នាក់ កម្ពុជាឈ្នះមេដាយសំរិទ្ធ៣គ្រឿង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥២លានរៀល ។ រីឯកីឡាប៉េតង់ បានចូលរួមប្រកួតជើងឯកអាស៊ី លើកទី៣ កាលពីឆ្នាំ២០១៩ នៅវៀតណាម មាន១១ប្រទេសចូលរួម មាស៤ ប្រាក់១ និងសំរិទ្ធ១គ្រឿង សរុបប្រាក់រង្វាន់ ២៥៨លានរៀល ។ ចំណែកឯកីឡាវ៉ូវីណាម ចូលរួមជើងឯកពិភពលោក លើកទី៦ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៩ មាន២៤ប្រទេសចូលរួម ឈ្នះមេដាយសរុប២៧គ្រឿង មានមេដាយមាស៩ ប្រាក់១៩ និងសំរិទ្ធ៩គ្រឿង ប្រាក់​រង្វាន់​សរុប១១២១លានរៀន ។ ថវិកាសរុបទាំង៣ប្រភេទ​កីឡា ចំនួន១៤៣១លានរៀល ។


ឯ ឧ សុខ សប្បាយណា បានលើកឡើងថា ការប្រជែងដណ្តើមបានមេដាយ ពីអន្តរជាតិរបស់អត្តពលិកកម្ពុជា បានឆ្លុះបញ្ចាំងពីការរីកចំរើន ពីវិស័យកីឡា នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយកម្ពុជាស្មើរមុខស្មើរមាត់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ។ ម្យ៉ាងវិញទៀត សមិទ្ធផលនេះបង្ហាញពីសញ្ញាវិជ្ជមានដ៏ល្អរបស់កម្ពុជា ឈានទៅត្រៀមធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ ព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ ។

ទន្ទឹនជាមួយគ្នានោះដែរ ឯ ឧ អនុរដ្ឋលេខាធិការ បានស្នើរឲ្យកីឡាករ កីឡាការិនី ត្រូវបន្តរក្សាស្មារតីខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែមានសក្តានុពល ដើម្បីដណ្តើមមេដាយជូនកម្ពុជា ពីឆាកអន្តរជាតិ ពិសេសស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២១ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ ជួសមុខឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ ឯ ឧ សុខ សប្បាយណា ក៏សូមការយោគយល់ ពីសំណាក់គ្រូបង្វឹក កីឡាករ កីឡាការិនី ចំពោះការយឺតយ៉ាវប្រាក់រង្វាន់ ។ ជាមួយគ្នានេះ ឯកឧត្តម អំពាវនាវឲ្យកីឡាករ កីឡាការិនី ត្រូវបន្តហ្វឹកហាត់អោយខ្លាំងក្លាជាងមុន តែត្រូវរក្សានូវអនាម័យ និងគម្លាតសង្គម តាមការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីការពារទប់ស្តាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner