ស្ថានភាពកូវីដនៅថៃ ៖នាយករដ្ឋមន្ត្រីព្រមានរឹតបន្តឹងការធ្វើដំណើរសាជាថ្មី និងបិទកម្មវិធីបុណ្យឆ្លងឆ្នាំ
បាងកក ៖ យោងតាមសេចក្តីប្រកាសព័ត៌មានដោយកាសែតបាងកកប៉ុស្ត៍នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានធ្វើការប្រកាសថារដ្ឋាភិបាលនឹងលុបចោលនូវភាពបន្ធូរបន្ថយការធ្វើដំណើរ និងធ្វើការពិនិត្យមើលឲ្យបានកាន់តែតឹងរឺងសាជាថ្មីដែលបូករួមទាំងលទ្ធភាពក្នុងការបិទកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មីផង។
ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីយប់ថ្ងៃអង្គារម្សិលមិញលោកនាយករដ្ឋមន្ត្រីបានមានប្រសាសថា ៖ «ការផ្ទុះវិរុសរាតត្បាតលើកនេះគឺ ពិតជាការក្រើនរំលឹកដ៏សំខាន់ថាតើកូវីដ19ពិតជានៅតែបានបន្តគម្រាមកំហែងដល់ប្រទេសជាតិរបស់យើងទំហំណា។ ក្នុងពេលជាមួយគ្នានេះសកលលោកស្ថានភាពកូវីដក៏បែរទៅជាកាន់តែអាក្រក់ផងដែរ»។
លោក Prayut បានបន្តទៀតថា «នៅក្នុងខែធ្នូនេះចំនួននៃអ្នកស្លាប់ជាប្រចាំសប្តាហ៍បានកើនឡើងពីរាប់រយនាក់ទៅដល់រាប់ពាន់នាក់នៅក្នុងបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ស្ថានភាពកាន់តែអាក្រក់បែបនេះពិតជាបានធ្វើឲ្យមានកត្តាប៉ះពាល់ជាអវិជ្ជមានដល់ប្រទេសថៃ ដូច្នេះយើងត្រូវតែត្រៀមរៀបចំខ្លួនឲ្យបានរួចជាស្រេច»។
នាយករដ្ឋមន្ត្រីនិងជាមេបញ្ជាការយោធារូបនេះក៏បានបញ្ជាក់ដែរថាលោកនឹងជួបពិភាក្សាគ្នាជាមួយនឹមជ្ឈមណ្ឌល
ទទួលបន្ទុកកិច្ចការងារកូវីដឬ CCSA នៅសប្តាហ៍នេះមុនពេលដែលគាត់នឹងសម្រេចជាផ្លូវការណាមួយអំពីរបៀបនៃការគ្រប់គ្រងប្រទេសក្នុងពេលបច្ចុប្បន្ននិងក៏ដូចជាពេលបុណ្យចូលឆ្នាំថ្មីផង។
គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃអង្គារម្សិលមិញ CCSA បានរាយការណ៍ករណីឆ្លងថ្មី 427 ដែលក្នុងនោះជនចំណាកស្រុក 397 នាក់ដែលវាបានធ្វើឲ្យចំនួនឆ្លងកូវីដសរុបក្នុងប្រទេសកើនដល់ 5.716នាក់៕