រដ្ឋមន្ត្រីកសិកម្មជំរុញក្រុមហ៊ុនងាកមកកែច្នៃជាក្រដាសនៅខ្មែរជំនួយការនាំចេញវិញ
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានស្នើឲ្យម្ចាស់ក្រុមហ៊ុនវិនិយោគបង្កើតកសិដ្ឋានដាំកូនឈើ និងដំណាំឧស្សាហកម្ម(ដើមប្រេងខ្យល់) ងាកមកបង្កើតរោងចក្រកែច្នៃនិងផលិតក្រដាសនៅកម្ពុជាជំនួសការដឹកជញ្ជូនវត្ថុធាតុដើមទៅប្រទេសថៃដើម្បីផលិតក្រដាស។ ការស្នើរបស់រដ្ឋមន្ត្រី គឺធ្វើឡើងនៅពេលដែលលោកបានចុះពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុនមួយនៅខេត្តបន្ទាយមានជ័យ។
លោក រដ្ឋមន្ត្រីបាន លើកទឹកចិត្តនិងគាំទ្រឲ្យក្រុមហ៊ុនពង្រីកការដាំឈើលើផ្ទៃដីដែលមានស្រាប់និងធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងស្រុកឬជាមួយកសិករដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងគាំទ្រ ការកែច្នៃវត្ថុធាតុដើមដែលជាឈើដាំនៅក្នុងស្រុក តាមរយៈការអនុវត្តកិច្ចសន្យា លក្ខណៈចំការជាមួយនឹងប្រជាពលរដ្ឋជាដើម។

លោករដ្ឋមន្ត្រី បានគួរបញ្ជាក់ថា ការកែច្នៃ ឈើដាំនៅក្នុងប្រទេសនេះ គឺនឹងជួយបង្កើតឱកាសការងារ ក៏ដូចជាបង្កើតប្រាក់ចំណេញបន្ថែមទៀតទៅដល់ក្រុមហ៊ុនផងដែរ ដោយមិនចាំបាច់ដឹកជញ្ជូនទៅកាន់ប្រទេសជិតខាងដើម្បីផលិតនោះទេ។

ក្នុងដំណើរការ ចុះពិនិត្យទីតាំងក្រុមហ៊ុនឈើដាំនេះ តំណាងរបស់ក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនាំចេញតែផលិតផលពាក់កណ្តាលសម្រេចគឺយកចំណិតឈើទៅផលិតក្រដាសនិងថាមពេលនៅប្រទេសថៃប៉ុណ្ណោះ៕




