សង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះល្វែងមួយកន្លែង នៅបុរីពិភពថ្មីឈូកវ៉ា១ បណ្តាលឱ្យជាប់ស្ត្រី និងកូន២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ មានករណីអគ្គិភ័យសង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះល្វែងមួយកន្លែង ក្នុងបុរីពិភពថ្មីឈូកវ៉ា១ ជាប់ស្ត្រីម្នាក់និងកូនប្រុសតូចពីរនាក់នៅក្នុងផ្ទះ បណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ ផ្ទះលេខ១០៦ ផ្លូវបេតុង ភូមិផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

•ជនរងគ្រោះទី១.ឈ្មោះ គឹម យូរី ភេទស្រីអាយុ២៨ឆ្នាំ(ម្តាយ)
•ជនរងគ្រោះទី២.ឈ្មោះសូរី វណ្ណភូ ភេទប្រុស ៥ឆ្នាំ (កូន)
•និងជនរងគ្រោះទី៣.ឈ្មោះសូរី ផាយុទ្ធភេទប្រុស អាយុ៣ឆ្នាំ(កូន)។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្ទះបិទទ្វារចាក់សោរហើយស្ត្រីជាភរិយានិងកូនប្រុសពីរនាក់ កំពុងតែសម្រាកនៅជាន់ទីមួយ ស្រាប់តែមានផ្សែងហុយចេញពីលំនៅឋាន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសន្តិសុខនាំគ្នាឡើងទៅលើជាន់ទីមួយ ដើម្បីជួយរំដោះស្ត្រីនិងកូនចេញពីលំនៅឋានតាមបង្អួច។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតបាននាំគ្នាវាយទម្លុះទ្វារដើម្បីជួយពន្លត់នៅផ្នែកខាងក្រោម។ នៅក្នុងហេតុការណ៍នោះដែរគេឃើញរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ផងដែរ។ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្ដាលឱ្យឆេះរាលដាលដល់លំនៅឋាននៅក្បែរនោះទេ។

តាមស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ព្រឹក ប្តីរបស់ខ្លួនឈ្មោះ ឡៅ សូរីកញ្ញា បានភ្ញាក់ពីព្រឹកទៅធ្វើជាចុងភៅ ដោយបានចាក់សោរពីក្រៅទុកកូនសោរ នៅក្នុងផ្ទះ ខណៈនោះស្រាប់តែមានភ្លើងឆាបឆេះនៅចំណុចជំនាងផ្ទះខាងក្រោម និងរាលដាលទូតាំងបង្កជាផ្សែងហុយទ្រលោមទៅផ្នែកខាងលើគាត់បានភ្ញាក់ឡើងប្រុងនាំកូនចុះហើយក៏ត្រូវភ្លើងឆេះជាប់ បណ្ដាលឱ្យឆេះរងរបួសដៃជើងផងដែរ។

ក្រោយមកប្រជាពលរដ្ឋ និងសន្តិសុខ ក៏បានវាយទម្លុះរនាំងបង្អួចចូលទៅសង្គ្រោះនាំមកកាន់មណ្ឌលសុខភាពគោករការភ្លាមៗ។ ពាក់ព័ន្ធគ្រោះអគ្គិភ័យនេះ ត្រូវបានម្ចាស់ផ្ទះក៏ដូចជាសមត្ថកិច្ចមានការសង្ស័យថាបណ្ដាមកពីផ្ទុះសេខ្សែភ្លើង៕ ដោយៈ ឆៃ ហួត និង ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner