ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា» (វគ្គទី៥)
ក្នុងវគ្គទី៤ យើងបានបង្ហាញជូនជ្រាបនូវការធ្វើសមាហរណកម្មដំបូងនៅតំបន់ឳរ៉ាល់របស់កងពលខ្មែរក្រហមលេខ ១៨ដឹកនាំដោយលោកកែវពង្ស។ ក្រោយជោគជ័យនៅតំបន់ឳរ៉ាល់ គោលការណ៍៣ចំណុចនៃនយោបាយឈ្នះ ឈ្នះបានបន្តទៅកាន់កន្លែងដទៃទៀត។ ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ បានព្យាយាមថ្ពក់រកការទាក់ទងជាមួយលោក សុខ ភាព ដែលជាមេបញ្ជាការខ្មែរក្រហមកងពល៤៥០គ្រប់គ្រងតំបន់ម៉ាឡៃ។ ជំនួបលើកទី១ បានលទ្ធផលជាទីគាប់ចិត្ត។ ក្នុងគ្រាទើបមានជំនួបទី១នោះ ស្រាប់តែមានព្រឹត្តិការណ៍ឈ្លោះគ្នារវាងមេៗខ្មែរ ក្រហមនៃតំបន់អន្លង់វែងនិងតំបន់ប៉ៃលិន ដែលធ្វើឲ្យដំណើរការអូសទាញខ្មែរក្រហមបានជួបកិច្ចការលំបាក។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ នៅតែបន្តរៀបចំជួប លោក សុខ ភាពជាលើកទី២។
កិច្ចប្រជុំដើម្បីរកការអូសទាញអតីតមេបញ្ជាការខ្មែរក្រហម លោក សុខ ភាព ដែលត្រួតត្រានៅតំបន់ម៉ាឡៃ បាន ប្រព្រឹត្តទៅជាលើកទី២ នៅសណ្ឋាគារ រឿន ខ្វាន់ នៃខេត្តចន្ទបុរីនៃប្រទេសថៃ។ កិច្ចប្រជុំដើម្បីរកការបង្រួប បង្រួមជាតិតាមរយៈនយោបាយអហិង្សាជាលើកទី២នេះ បានបន្តធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៩៦ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានី ដោយសម្តេចបានបញ្ជាក់ថា កងពល៤៥០ ដែលដឹកនាំដោយលោក សុខ ភាព នៃតំបន់ម៉ាឡៃ និងមេបញ្ជាការកងពល៤១៥ដឹកនាំដោយលោក អ៊ី ឈាន នៃតំបន់ប៉ៃលិន រួមជាមួយនឹងលោក អៀង សារី បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីក្រុមខ្មែរក្រហមប៉ុលពតមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាល។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី៣សីហានោះហើយ បាននាំឲ្យបណ្តាជួរមេខ្មែរក្រហម កាន់តែបង្កការសង្ស័យរវាងគ្នាទៅវិញទៅមក ជាពិសេសក្រុមខ្មែរក្រហមនៅអន្លង់វែង បានចោទប្រកាន់ថា លោក អៀង សារី បានក្បត់នឹងពួកគេ។ ការមិនទុកចិត្តគ្នារវាងមេៗខ្មែរក្រហមក្រោយការប្រកាសរបស់សម្តេចតេជោហ៊ុនសែនថ្ងៃ ទី ៣សីហានោះ បាននាំឲ្យផ្ទៃក្នុងកម្លាំងជួរខ្មែរក្រហមបានឈ្លោះប្រកែកគ្នា។
រវាងពីថ្ងៃទី៦ដល់៧សីហាឆ្នាំ១៩៩៦ ការផ្ទុះអាវុធមួយក្នុងតំបន់ម៉ាឡៃរវាងកម្លាំងខ្មែរក្រហម តាម៉ុកនិងសុន សេន និងក្រុមខ្មែរក្រហមនៃកម្លាំងកងពលលេខ៤៥០ បានបង្កឲ្យតំបន់ម៉ាឡៃរងភាពចលាចល ដែលព្រឹត្តិការណ៍នោះ ហើយ បានជំរុញឲ្យលោក សុខ ភាព និងលោក អ៊ី ឈាន បានផ្តាច់ខ្លួនទាំងស្រុងចេញពីក្រុមប៉ុលពត។ វិទ្យុរបស់ក្រុមខ្មែរក្រហម នៅថ្ងៃទី៨សីហា បានផ្សាយថ្កោលទោសលោក អៀង សារី ដោយចោទលោក អៀង សារី ថាក្បត់ ជាតិ។ សេចក្តីប្រកាសរបស់លោក អៀង សារី ថ្ងៃទី១៥សីហា បានបដិសេធជុំវិញការចោទប្រកាន់នោះ និងបានបរិហាទៅវិញចំពោះមេដឹកនាំខ្មែរក្រហមអន្លង់វែង លោក សាឡុតស ហៅប៉ុលពត ដោយហៅការដឹកនាំរបស់ ប៉ុលពត គឺជាការដឹកនាំផ្តាច់ការ។
លោក អៀង សារី ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៦ បានបើកគាស់កកាយការដឹកនាំរបស់ប៉ុលពត ក្នុងសម័យ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដោយនិយាយាថាប៉ុលពតនាជំនាន់នោះ បានធ្វើការសំរេចនិងបញ្ជាទាំងអស់ លើកាប់សម្លាប់ប្រជាជនខ្មែរដោយគ្មានការពិចារណារួមទាំងពលរដ្ឋដែលគ្មានកំហុសផងដែរ ។ លោក អៀង សារី នាពេលនោះ បានប្រកាសនូវកងកម្លាំងប្រដាប់អាវុធខ្មែរក្រហម ដែលស្ម័គ្រចិត្តដើរតាមរូបលោក ដូចជា កម្លាំង ខ្មែរក្រហមនៃកងពល៤៥០ម៉ាឡៃ, ៤១៥នៅប៉ៃលិន, ២៥០នៅស៊ីសុផុនខាងត្បូង, និង៥១៩នៅស៊ីសុផុន ខាង ជើងជាដើម។ សេចក្តីប្រកាសដដែល នៅបានថ្កោលទោសអតីតមេបញ្ជាការជាន់ខ្ពស់កងទ័ពខ្មែរក្រហមតាម៉ុក និងលោកសុនសេនដែលអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនៃរបបខ្មែរក្រហមនោះថែមទៀត។
ក្រោយការបែកបាក់ក្នុងជួរផ្ទៃក្នុងបណ្តាមេដឹកនាំខ្មែរក្រហម កងកម្លាំងដែលស្ថិតក្រោមការបញ្ជារបស់លោក អៀង សារី បានបង្កើតចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ និងបានរក្សាកម្លាំងរបស់ខ្លួនដាច់ដោយឡែក ជាកម្លាំងឯករាជ្យដែលពេលនោះមិនទាន់បានយល់ព្រមចូលរួមទាំងស្រុងជាមួយនឹងកម្លាំងរាជរដ្ឋាភិបាលឡើយ។ ចលនារបស់លោកអៀងសារីនាគ្រានោះ ដែលបានបង្កើតនាពេលនោះ ត្រូវគេនិយាយថាគឺដើម្បីការចង់ទាមទារលក្ខខណ្ឌខ្លះពីរាជរដ្ឋាភិបាលមុនពេលការយល់ព្រមធ្វើសមាហរណកម្ម។ លោក អៀង សារី បានបង្ហាញថាចលនារបស់គាត់ដែលទើបបង្កើតនៅប៉ៃលិននោះ គឹមិនមែនជាការចុះចូលជាមួយនឹងរាជរដ្ឋាភិបាលទេ ប៉ុន្តែគឺជាការរួបរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល។ ការបង្កើតចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យរបស់ លោក អៀង សារី ត្រូវគេមើលឃើញថាគឺជាបំណងរារាំងទប់ទល់មិនឲ្យក្រុមខ្មែរក្រហមណាមួយ ធ្វើសមាហរណកម្មជាមួយ រាជរដ្ឋាភិបាលដោយផ្ទាល់នោះឡើយ។
ក្នុងស្ថានការណ៍ប្រែប្រួលយ៉ាងនោះហើយ កិច្ចប្រជុំជាលើកទី២រវាងក្រុមប្រតិបត្តិករអនុវត្តនយោបាយឈ្នះ ឈ្នះ និងបណ្តាមេបញ្ជាការខ្មែរក្រហមនៃតំបន់ម៉ាឡៃនិងប៉ៃលិន ដែលបានធ្វើឡើងនៅថ្ងៃទី ១៧ ខែសីហាឆ្នាំ ១៩៩៦នោះ ស្រាប់មានហេតុការណ៍ចម្លែកបានកើតឡើង។
ជំនួបលើកទី២ថ្ងៃទី១៧សីហានោះបានធ្វើនៅសណ្ឋាគាររឿន ខ្វាន់ នៃខេត្តចន្ទបុរីនៃប្រទេសថៃ ។ តាមពិតជំនួប ដែលកំណត់នាពេលនោះ នឹងគ្រោងធ្វើរវាងលោកឧត្តមសេនីយ៍ប៉ុល សារឿននិងក្រុមការងារជា មួយនឹងមេ បញ្ជាការខ្មែរក្រហមលោកអ៊ីឈាន, លោក អៀង វុធ ដែលត្រូវជាកូនរបស់ លោក អៀង សារី ដែលជា តំណាង បញ្ជាការ គ្រប់គ្រងតំបន់ប៉ៃលិន និងលោកសុខភាពដែលជាអ្នកគ្រប់គ្រងតំបន់ម៉ាឡៃតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលចម្លែក គឺ កិច្ចប្រជុំនាពេលនោះ បែរជាមានសមាសភាពចូលរួមថ្មីបន្ថែម ដោយមានទាំងលោក ញ៉ឹក ប៊ុនឆៃ និង លោក ឡុង សារិន ដែលជាមន្ត្រីជាន់ខ្ពសរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងជាគណបក្សដៃគូកាន់អំណាចរួមជាមួយគណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋាភិបាលនាជំនាន់នោះផងដែរ។
លោក ញ៉ឹក ប៊ុនឆៃ នាជំនាន់នោះ គឺជានាយអគ្គសេនាធិការរងទី១នៃកងយោធពលខេមរភូមិន្ទ និងលោកជាមេទ័ពដ៏សំខាន់ម្នាក់របស់គណបក្សហ្វ៊ុនស៊ិនប៉ិចដែលពេលនោះកំពុងស្វែងរកការអូសទាញកម្លាំងក្រុមខ្មែរក្រហម ក្នុងគម្រោងការណ៍ប៉ុនប៉ងទុកវាយផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។ លោក ញ៉ឹក ប៊ុនឆៃ គឺជាអតីតមេទ័ពគន្លឺះម្នាក់របស់គណបក្សហ៊្វុនស៊ីនប៉ិច និងលោក បានប្រមូលទុកនូវខ្មែរកម្លាំងខ្មែរក្រហមជាច្រើននាពេលនោះ និងថែមទាំងបាននាំកម្លាំងខ្មែរក្រហមទាំងនោះចូល ដោយសម្ងាត់មកក្នុងរាជធានីភ្នំពេញក្រោមរូបភាពជាអតីត យុទ្ធជន នៃក្រុមតស៊ូជាយដែន។
ទោះជាមានការចូលរួមពីសមាសភាពថ្មីដែលមិនបានអញ្ជើញយ៉ាងណាក៏ដោយ កិច្ចប្រជុំនាពេលនោះ បាន ដំណើរការចប់ចុង, ចប់ដើមនិងកិច្ចពិភាក្សាបានផ្តោតលើខ្លឹមសារនៃគោលនយោបាយបង្រួបបង្រួមជាតិ របស់រាជរដ្ឋាភិបាល និងគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែន។ លទ្ធផលនៃកិច្ចប្រជុំថ្ងៃទី១៧ សីហានោះ ត្រូវបានគេចាត់ទុកថាមិន ទទួលបានជោគជ័យតាមការរំពឹងទុកឡើយ ដោយសារមានការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ។ លទ្ធផលនៃកិច្ចប្រជុំថ្ងៃទី១៧សីហា បានស្នើឲ្យមានកិច្ច ប្រជុំលើកទី៣ នៅថ្ងៃទី៣០សីហាឆ្នាំ១៩៩៦ ដែលបានកំណត់ធ្វើនៅក្នុងខេត្តច័ន្ទបុរីដដែល។ នៅក្នុងកិច្ចប្រជុំលើកទី៣នោះ សមាសភាពចូលរួម គឺមានក្រុមប្រតិបត្តិការអនុវត្តនយោបាយឈ្នះឈ្នះ ជាមួយ នឹងក្រុម លោក សុខ ភាព តែមួយប៉ុណ្ណោះ។ នៅក្នុងកិច្ចប្រជុំលើកទី៣នាពេលនោះ លោក សុខ ភាព បានស្នើសុំរក ការពន្យាពេលការផ្តាច់ខ្លួនចេញពីក្រុមខ្មែរក្រហមនោះសិន ប៉ុន្តែលោកឧត្តមសេនីយ៍ ប៉ុលសារឿន បានជំទាស់ចំពោះការចង់សុំពន្យានោះ។
ព្យុះភ្លៀងនយោបាយដែលបានកើតឡើងនៅក្នុងតំបន់ប៉ៃលិន បានធ្វើឲ្យកិច្ចប្រឹងប្រែងរបស់ក្រុមអនុវត្តយុទ្ធ សាស្ត្រឌីហ្វីដរបស់សម្តេចតេជោសែន បានស្ថិតក្នុងភាពលំបាកមួយដោយសារតែមេបញ្ជាការខ្មែរក្រហមខ្លះ ចង់ផ្លាស់ប្តូរជំហររបស់ខ្លួន ដើម្បីការចូលរួមជាមួយនឹងលោក អៀង សារី ដើម្បីរកការតថ្លៃជាមួយនឹងរាជរដ្ឋាភិបាល។
នៅក្នុងរាជធានីភ្នំពេញនេះវិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រមើលឃើញរួចជាស្រេចនូវសភាពការនេះ និងសម្តេចបានរកយុទ្ធវិធីមួយនៃការផ្តល់តុល្យភាពដល់ លោក អៀង សារី ដើម្បីជាការបើកច្រកទាញរូបលោកនិងកម្លាំងក្រោមបង្គាប់ទាំងអស់ធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្ត្រីក្នុងប្រសាសន៍ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨ នៃទិវារំលឹកខួប២០ឆ្នាំការធ្វើឲ្យកម្ពុជា អស់សង្គ្រាមនិង មានសន្តិភាពពិតប្រាកដ បានបង្ហើបនូវយុទ្ធវិធីមួយ ដើម្បីបើកច្រកឲ្យលោក អៀង សារី ។
សូមបញ្ជាក់ថាលោក អៀង សារី ត្រូវតុលាការប្រជាជនបដិវត្តន៍ក្រុងភ្នំពេញកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៩ បានកាត់ទោសប្រហារជីវិតដោយសារតែអំពើកាប់សម្លាប់ពលរដ្ឋខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
ក្រោយការបញ្ចុះបញ្ចូល រវាងគណបក្សនយោបាយធំទាំង២នាពេលនោះមក នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៦ សហនាយករដ្ឋមន្ត្រីទាំង២ បានធ្វើលិខិតមួយទូលស្នើសុំអតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តមសីហនុ ចុះព្រះហស្ថ លេខាលើព្រះរាជសារព្រះរាជទានលើកលែងទោសឲ្យលោក អៀង សារី និងបានលើកលែងទោសឲ្យរូបលោក រួចផុតពីច្បាប់ដាក់ខ្មែរក្រហមក្រៅច្បាប់ឆ្នាំ១៩៩៤ថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ឥទ្ធិពលនៃការអនុវត្តនយោបាយឈ្នះឈ្នះ គឺរវាងពីឆ្នាំ១៩៩៦ដល់ឆ្នាំ១៩៩៧ កម្លាំងខ្មែរក្រហមនាភាពពាយព្យប្រទេសនិងនៅតំបន់ទន្លេសាបផងដែរ បានធ្វើសមាហរណកម្មជាបន្តបន្ទាប់ ចួលរួមក្នុងរាជរដ្ឋាភិបាល។
អន្លង់វែង គឺជាសំបុកធំចុងក្រោយបង្អស់របស់ក្រុមឧទ្ទាមខ្មែរក្រហមប៉ុលពត។ បណ្តាមេខ្មែរក្រហមកំពូលៗ ដែលរឹងរូសទាំងអស់រួមមានប៉ុលពត, នួនជា, ខៀវសំផន, តាម៉ុក, សុនសេន នោះជាដើម បានប្រមូលផ្តុំគ្នាជា ចុងក្រោយក្នុងតំបន់អន្លង់វែងនោះ។ (នៅមានត)