ក្រុងឌុបៃអនុម័តកញ្ចប់ថវិកាជាង 15 ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ
បរទេស៖ យោងតាមសេចក្តីប្រកាសរបស់មេដឹកនាំនៃទីក្រុងឌុបៃដែលជាក្រុងបណ្តុំទៅដោយហិរញ្ញវត្ថុ និងអាជីវកម្មចម្រុះដ៏ធំបំផុតរបស់សហភាពអារ៉ាប់រួមនោះបានបង្ហាញថាកញ្ចប់ថវិកាជាង 15,5 ពាន់លានដុល្លារត្រូវបានអនុម័តរួចរាល់ហើយសម្រាប់ការប្រើប្រាស់នៅក្នុងឆ្នាំ2021 ខាងមុខ។
ទោះបីជាយ៉ាងណាក្តីសេចក្តីថ្លែងការណ៍នេះគឺមិនបានផ្តល់ព័ត៌មានលំអិតក្នុងការប្រៀបធៀបទៅនឹងខ្ទង់ចំណាយជាក់ស្តែងដែលបានប្រើប្រាស់នៅក្នុងឆ្នាំ 2020 នេះទេ ប៉ុន្តែគេអាចដឹងបានថាទំហំថវិកានេះមានចំនួនតិចជាងកញ្ចប់ថវិកាដែលធ្លាប់បានគ្រោងសម្រាប់ឆ្នាំ2020 ដល់ទៅ 14 ភាគរយ។
មកដល់ពេលនេះនៅមិនទាន់មានការឆ្លើយឆ្លងណាបន្ថែមពីសំណាក់រដ្ឋាភិបាលនៃទីក្រុងឌុបៃនៅឡើយទេ។ កញ្ចប់ថវិកានេះត្រូវបានអនុម័តដោយមេដឹកនាំរបស់ក្រុងឌុបៃ គឺលោក Sheikh Mohammed bin Rashid Al Maktoum និងជានាយករដ្ឋមន្ត្រីរបស់សហភាពអារ៉ាប់រួមផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយមេដឹកនាំរូបនេះបានបញ្ជាក់ទៀតដែរថា ៖ កន្លងមកថ្មីៗនេះ ទីក្រុងឌុបៃដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នោះបានរងផលប៉ះពាល់យ៉ាងខ្លាំងព្រមទាំងការជាប់គាំង និងការផ្អាកជើងហោះហើរផងដែរគិតតាំងតែពីដើមឆ្នាំ។ ដោយឡែកសម្រាប់សេដ្ឋកិច្ចនឹងត្រូវព្យាករថាមានការធ្លាក់ចុះ 6,2 ភាគរយនៅឆ្នាំ 2020 មុនពេលដែលវាអាចកើនឡើងវិញ 4 ភាគរយក្នុងឆ្នាំ2021 ដែលចាំបាច់ត្រូវការគាំទ្រ និងបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញជាមួយគ្នាផងដែរ៕