អាជ្ញាធរស្រុកសេសាន សហការជាមួយដៃ គូ ឯកជន បង្កើតរម្មណីយដ្ឋានកំសាន្ត និងថែ រក្សា សម្បត្តិធម្មជាតិ
អាជ្ញាធរស្រុកសេសាន នៃខេត្តស្ទឹងត្រែង សហការជាមួយដៃគូឯកជន បានបង្កើតររម្មណីយដ្ឋានថ្មីមួយឈ្មោះថា (និស្ស័យស្នេហ៍សេសាន) ដែលស្ថិតនៅភូមិកំភុន ឃុំកំភុន ក្នុងស្រុកសេសាន មានចម្ងាយពីទីរួមខេត្តប្រមាណ ជាង១០គីឡូម៉ែត្រ ដើម្បីនាំគ្នាថែ រក្សាសម្បត្តិធន ធានធម្មជាតិ និងសំរាប់ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកទេសចរណ៍ជាតិ អន្តរជាតិ ឲ្យមកលេង កំសាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនាពេលខាងមុខនេះ ។
ខណៈកំពុងរៀបចំអភិវឌ្ឍន៍រម្មណីយដ្ឋានទេសចរណ៍(និស្ស័យស្នេហ៍សេសាន) ក្នុងឃុំកំភុនស្រុក សេសាន កាលពីពេលថ្មីៗនេះ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុក បានបញ្ជាក់ថា៖បងប្អូន ប្រជាពលរដ្ឋ នៅភូមិ.ឃុំនេះថា មិនចង់ឲ្យកូនចៅទៅដើរលេងឆ្ងាយពីភូមិ នៅពេលចូលឆ្នាំខ្មែរនេះទេ ។ ម៉្យាងទៀត ដោយសារសក្តានុពលនៅទីនេះមានស្រាប់ អាចបំរើឲ្យវិស័យទេសចរណ៍បាន ទើបយើងសហការគ្នា ជាមួយផ្នែកឯកជន បង្កើតរម្មណីយដ្ឋាននេះឡើង ។ លោកបញ្ជាក់ទៀតថា៖ការបង្កើតឡើងនេះគឺយើងតម្រូវឲ្យផ្នែក វិស័យឯកជន អនុវត្តឲ្យត្រូវតាមការណែនាំរបស់មន្ទីរទេសចរណ៍ ដើម្បីធ្វើឲ្យមានការទាក់ទាញផង និងការពារសុវត្ថិភាពជូនភ្ញៀវផង ហើយអាជ្ញាធរ និងសហការជួយឲ្យមានភាពរលូនផងដែរ ។
លោកកៃ តុលា ដៃគូ អភិវឌ្ឍន៍វិស័យទេសចរណ៍ដែលទើបបង្កើតនេះបានបញ្ជាក់ថា៖សមិទ្ធផលនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកសេសាន សប្បាយចិត្តណាស់ ព្រោះនៅក្នុងភូមិ.ឃុំរបស់ខ្លួនមានរម្មណីយដ្ឋាន សំរាប់លេងកំសាន្ត នៅជិតផ្ទះ ដោយមិនបាច់ឲ្យកូនចៅទៅលេងឆ្ងាយ នាំព្រួយបារម្ភពីបញ្ហា ផ្សេងៗ ដូចជាការគ្រោះថ្នាក់ចរាចរណ៍ ជាដើម ។ លោកបន្តថា៖នៅពេលមានភ្ញៀវមកលេងច្រើនអាចផ្តល់ផលប្រយោជន៍ដល់ប្រជាសហគមន៍ និងកសិករនៅភូមិនេះ តាមរយៈការលក់ដូរកសិផលរបស់ខ្លួន និងបានការពារសម្បត្តិធនធានធម្មជាតិនៅតំបន់នេះថែម ទៀត ៕ម៉ាវិន