អ្នកស្រី ប៉ែន បុប្ផា ៖ យុវជនគួរមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ទោះរៀនមិនទាន់ចប់សាកលវិទ្យាល័យ
ភ្នំពេញ៖ យុវជនមានទម្លាប់ចាយលុយបានត្រឹមត្រូវជារឿងល្អមួយ ប៉ុន្តែរៀបចំផែនការហិរញ្ញវត្ថុបានត្រឹម
ត្រូវជារឿងកាន់តែប្រសើរ និងមានឥទ្ធិពលខ្លាំងបំផុតដល់ដំណើរការនៃការរៀបចំផែនការជីវិត បន្ទាប់ពី
បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ និយាយដល់កិច្ចការរៀបចំផែនការហរិញ្ញវត្ថុនេះ វាពិតជាលំបាក
បន្តិចសម្រាប់យុវជនកម្ពុជា ដោយសារយុវជនមួយចំនួនស្ថិតក្នុងវ័យកំពុងបន្តសិក្សាពឹងប្រភពហិរញ្ញវត្ថុពី
ម្តាយឪពុក ឬអាណាព្យាបាល។ ចំណែកយុវជនមួយចំនួនទៀត ទើបចាប់ផ្តើមធ្វើការងារបន្ទាប់ពីបញ្ចប់ការ
សិក្សា។ “ទម្លាប់រៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវ ជាអ្វីដែលយុវជនកម្ពុជាគួរចាប់ផ្តើមគិតឱ្យបានល្អិតល្អន់ នោះនឹងជួយឱ្យពួកគេឆាប់សម្រេចបំណងប្រាថ្នារបស់ខ្លួន”។ នេះជាការលើកឡើងរបស់អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនពុទ្ធិពល ដែលជាស្ថាប័នបណ្តុះបណ្តាលពីចំណេះដឹងអំពីហរិញ្ញវត្ថុ។
អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនពុទ្ធិពល មានប្រសាសន៍ថា ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹម
ត្រូវជួយឱ្យយុវជនឆាប់សម្រេចផែនការជីវិតរបស់ខ្លួននៅក្នុងរយៈពេលជាក់លាក់មួយ ប្រសិនបើយុវជនមាន
គោលដៅច្បាស់លាស់។ ទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ជួយឱ្យយុវជនមានពេលវេលារៀនសូត្រ
គ្រប់គ្រាន់ បំពេញការងារមានប្រសិទ្ធភាព និងជួយឱ្យជីវភាពបានកាន់តែប្រសើរ។

អ្នកស្រី ប៉ែន បុប្ផា ៖ “(និស្សិត) ឆ្នាំទី1 នៅមិនទាន់ខ្វល់ខ្វាយរឿងរកការងារធ្វើប៉ុន្មានទេ ប៉ុន្តែចាប់ពីឆ្នាំទីពីរទៅ
គួរតែចាប់ផ្តើមគិត។ តើរយៈពេលបីឆ្នាំទៅប្រាំឆ្នាំទៀតយ៉ាងម៉េច? អាហ្នឹងត្រូវគិតផែនការហិរញ្ញវត្ថុឱ្យហើយដើម្បី
ត្រៀមលក្ខណៈទុកជាមុន មានន័យថា ចាប់ផ្តើមលត់ដំខ្លួន មានវិន័យចំពោះខ្លួនឯង មិនមែនចេះតែចាយផ្តេស
ផ្តាសនោះទេ។ គាត់ត្រូវរៀបផែនការ បើគាត់ចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬរកស៊ីអីមួយ តើត្រូវចំណាយលុយ
ប៉ុន្មាន? ហើយលុយគាត់រាល់ថ្ងៃមានប៉ុន្មាន? សល់ប៉ុន្មាន? អ៊ីចឹងគាត់មិនត្រូវចាំលុយសល់ទេ បើមានផែនការ
ច្បាស់លាសស់ហើយ ត្រូវដកសន្សំទុកឱ្យហើយ ហើយសល់ពីសន្សំចាំចាយ បើទោះបីលុយម្តាយឪពុកឱ្យក៏
ដោយ លុយរកបានដោយខ្លួនឯងក៏ដោយ គឺគាត់ត្រូវរៀបចំផែនការហិរញ្ញវត្ថុពីឥឡូវទៅ…”។
អ្នកជំនាញហរិញ្ញវត្ថុរូបនេះ បានបញ្ជាក់ថា ប្រសិនបើយុវជនចាយលុយគ្មានខ្ទង់ចំណាយត្រឹមត្រូវ ហានិភ័យ
ហិរញ្ញវត្ថុនឹងកើតមានគ្រប់ពេល អាចបណ្តាលឱ្យមានវិបត្តិផ្លូវចិត្តកើតឡើង។ ទន្ទឹមគ្នានេះដែរ ការគូសវាសផែន
ការហិរញ្ញវត្ថុដែលមានក្នុងដៃស្រាប់ នឹងជំរុញឱ្យយុវជនឆាប់សម្រេចផែនការអាជីវកម្មជាក់លាក់ណាមួយនៅថ្ងៃ
ខាងមុខ ប៉ុន្តែចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវគួបផ្សំនឹងសមត្ថភាពរកចំណូលរបស់យុវជនដែរ។

ទាកទងនឹងរបៀបចាយលុយឱ្យមានប្រសិទ្ធភាពវិញ អ្នកស្រី ប៉ែន បុប្ផា បានបន្តលើកឡើងថា យុវជនត្រូវ
សម្រេចចិត្តចំណាយឱ្យបានសមស្របតាមផែនការហិរញ្ញវត្ថុដែលបានរៀបចំរួច បើទោះបីប្រភពហិរញ្ញវត្ថុ
នោះទទួលបានពីម្តាយឪពុក ឬរកបានដោយខ្លួនឯងពីការងារក៏ដោយ។ គួរចំណាយប្រាក់ទៅលើអ្វីដែលជា
តម្រូវការចាំបាច់ ប្រសើរជាងចំណាយដើម្បីបំពេញចំណង់។
“ចំណាយសម្រាប់តម្រូវការចាំបាច់ ជាអ្វីដែលមិនអាចខ្វះបានមានដូចជា ថ្លៃអាហារ ការស្នាក់នៅ មធ្យោបាយ
ធ្វើដំណើរ ថ្លៃសិក្សា និងសម្ភារៈសិក្សាជាដើម។ ចំណែកចំណាយដើម្បីបំពេញចំណង់ មានដូចជា ការផ្លាស់ប្តូរ
ម៉ូតសម្លៀកបំពាក់ ស្បែកជើង ឬទិញសម្ភាសៈប្រើប្រាស់ទំនើបៗដេញតាមស៊េរីជាដើម។ ការចំណាយបែបនេះ យុវជនមិនគួរធ្វើឡើយ វានឹងប៉ះពាល់ដល់ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន” អ្នកស្រី ប៉ែន បុប្ផា។

តើផែនការហិរញ្ញវត្ថុគួររៀបចំពេញមួយជីវិតរស់យ៉ាងណា? ឆ្លើយនឹងសំណួរនេះ អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកា
ក្រុមពលពុទ្ធិពល មានប្រសាសន៍បន្តថា ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាផែនការដែលត្រូវធ្វើពេញមួយជីវិត ដោយសារហរិញ្ញវត្ថុជាផ្នែកសំខាន់សម្រាប់ការរស់នៅរបស់មនុស្សម្នាក់ៗ។ គ្រប់គ្នាត្រូវត្រៀមហិរញ្ញវត្ថុទុកមុន
ជានិច្ច។ ប្រសិនបើយុវជនគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់ក្នុងជីវិត នោះនឹងមានបញ្ហាហិរញ្ញវត្ថុសម្រាប់តម្រូវ
ការផ្សេងៗ។ ព្រមជាមួយគ្នានេះ អ្នកស្រីបានចាត់ទុកផែនការហិរញ្ញវត្ថុ ជាមុខវិជ្ជានៃជីវិតរបស់មនុស្ស។ “កាល
ណាវ័យកាន់តែវិវត្ដន៍ ផែនការទាំងនេះត្រូវគិតកាន់តែខ្លាំង ត្រូវត្រៀមរហូតដល់វ័យឈប់ធ្វើការ និងត្រូវប្រាកដថា មានហិរញ្ញវត្ថុផ្ទាល់ខ្លួនគ្រប់គ្រាន់សម្រាប់ខ្លួនឯងរហូតដល់ថ្ងៃចចុងក្រោយ”។
មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយ AMS អ្នកស្រី ប៉ែន បូប្ផា បានបញ្ជាក់ថា ចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុសំខាន់
សម្រាប់យុវជនកម្ពុជា។ អ្នកស្រីបានផ្តល់យោបល់ថា ប្រសិនបើសិស្ស-និស្សិត ឬយុវជនបានរៀបចំផែនការគ្រប់
គ្រងហិរញ្ញវត្ថុផ្ទាល់ត្រឹមត្រូវ និងមានផែនការជីវិតច្បាស់លាស់ នោះឱកាសជោគជ័យក្នុងការសិក្សានិងការងារ នឹងសម្រេចបានលឿនបំផុតស្របតាមគោលដៅដែលបានកំណត់ទុក៕