ក្រុមហ៊ុន៣គ្រោងនឹងបោះទុនវិនិយោគជាង១៥លានដុល្លារនៅកម្ពុជា ដែលអាចបង្កើតការងារជាង៥០០កន្លែង
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៩ធ្នូឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ជាមួយនឹងទុនវិនិយោគ១៥លាន២សសែនដុល្លារ។ ក្រុមហ៊ុនទាំង៣រួមមាន ក្រុមហ៊ុន H.R ENTERPRISE CO., LTD លើគម្រោងបង្កើតរោងចក្រផលិតកេសកាតុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។
ជាមួយគ្នានោះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៩ធ្នូនេះដែរ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន CAMBODIAN NEW JUIHUAN TRADING CO., LTD លើគម្រោងបង្កើតរោងចក្រកែច្នៃដែក និងផលិតបំពង់បឺតខ្យល់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៥លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង និងក្រុមហ៊ុន PINNACLE HOME COLLECTION CO., LTD លើគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៦លាន៩សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង៕កឹម ទៀង