ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»(វគ្គទី៦)
តើរាជរដ្ឋាភិបាលអាចរំដោះយកអន្លង់វែងដោយរបៀបណា?
ប៉ុល ពត ដែលស្ថិតក្នុងអន្លង់វែង បានប្រាប់តាម៉ុក, នួន ជា និង សុន សេន ត្រូវប្រមែប្រមូលកម្លាំងរបស់ទាហាន ក្រោមបង្គាប់ធ្វើការវាយប្រហាររំដោះយកតំបន់សំឡូតវិញ។ សូមបញ្ជាក់ថាតំបន់សំឡូត ត្រូវបានកម្លាំងទាហានរាជរដ្ឋាភិបាល វាយដណ្តើមគ្រប់គ្រងបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៦។ តាម៉ុក, នួនជានិងសុនសេន បានរត់គេចចេញពីសំឡូត នៅស្នាក់នៅពាមតា ដែលជាតំបន់មួយស្ថិតនៅខាងត្បូងសំឡូត។ វត្តមានរបស់នួនជា, តា ម៉ុកនិងសុន សេន ដែលស្ថិតក្នុងតំបន់សំឡូតមុនការវាយប្រហារនោះ គឺដើម្បីការចង់បញ្ជាក្រុមកម្លាំងខ្មែរក្រហម សំឡូត ទប់ទប់នឹងក្រុមខ្មែរនៅប៉ៃលិន ក្រោយការដឹងថា លោក អៀងសារី មានបំណងផ្តាច់ខ្លួនចេញពីប៉ុលពត ប៉ុន្តែការប៉ុនប៉ងចង់រក្សាតំបន់សំឡូតឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមអន្លង់វែងនោះ បានយឺតពេលទៅ ហើយក្រោយពេលដែលគោលការណ៍ទាំង៣នៃនយោបាយឈ្នះឈ្នះ ត្រូវបានបញ្ជ្រាបដល់តំបន់ សំឡូតនោះរួច ទៅហើយ។ អាស្រ័យដោយមានការផ្ទុះកម្លាំងពីខាងក្នុង កម្លាំងរាជរដ្ឋាភិបាល បានចូលគ្រប់គ្រងតំបន់សំឡូត ទាំងស្រុងនៅថ្ងៃទី២៤ ខែតុលាឆ្នាំ ១៩៩៦ ដែលបង្ខំចិត្តឲ្យបណ្តាមេខ្មែរក្រហមទាំងនោះរត់ចាកចេញពីសំឡូត និង ភៀសខ្លួនមកនៅតំបន់ពាមតា។
តាម៉ុក នួន ជា និងសុន សេន នៅពេលស្នាក់នៅពាមតានោះ ត្រូវប៉ុលពតបញ្ជាមិនអោយវិលត្រឡប់មក អន្លង់វែង វិញទេកាលពីឆ្នាំ១៩៩៦។ ប៉ុលពតបានបញ្ជាឱ្យតាម៉ុកធ្វើការរៀបកម្លាំងវាយយកតំបន់សំឡូតវិញ ប៉ុន្តែតាម៉ុក ប្រាប់ប៉ុលពតវិញថា ពួកគេមិនអាចធ្វើកិច្ចការនោះបានឡើយ។
យោងតាមឯកសារកំណត់ហេតុរបស់អតីតមេបញ្ជាការខ្មែរក្រហមឈ្មោះ ខឹម ងួន ដែលជាប្រធានកងពលលេខ១៧ទទួលការកាន់កាប់តំបន់អន្លង់វែង នៅពេលដែលតាម៉ុកកំពុងរស់ដោយលាក់ខ្លួននៅក្នុងព្រៃនោះ ប៉ុល ពត បានវាយសារទូរលេខមួយពីអន្លង់វែងបញ្ជាអោយតាម៉ុករៀបចំកម្លាំងវាយដណ្តើមសំឡូតមកវិញ។តាម៉ុក បានឆ្លើយតបតាមម៉ាស៊ីនទូរលេខមកវិញ ជាមួយនឹងសម្តីសរសេរចំអកឲ្យប៉ុលពតមកច្បាំងដោយខ្លួនឯង នោះ វិញប្រសិនបើប៉ុលពតពូកែខាងច្បាំងមែននោះ។
ក្នុងលិខិតដដែលនោះ តាម៉ុក បានត្អូញត្អែរថារួបគាត់នួនជានិង សុនសេន លំបាកស្ទើរស្លាប់ និងស្ទើរមិនអាចរក អ្វីទទួលទានបានឡើយកុំថាឡើយទៅរំដោះសំឡូតនោះ។ នៅពេលដែលតាម៉ុក បានសរសេរសារទាំងនោះ ប្រាប់ត្រឡប់មកវិញ ប៉ុលពតបានខឹងសម្បារជាខ្លាំង។ ប៉ុលពតបានហៅមេបញ្ជាការខ្មែរក្រហមសំខាន់ៗខ្លះ ដែលស្និទ្ធនឹងគាត់នៅអន្លង់វែងដូចជា លោក ខឹម ងួន …លោក សាន…លោក សារឿន… និងលោក ងួន នូ ដោយ ប៉ុលពតបានបង្ហាញសំបុត្រ ឆ្លើយរបស់តាម៉ុកទៅពួកគេអោយបានឃើញ។
ប៉ុលពតក្រោយមកបានសរសេរសារមួយតបទៅវិញដោយប្រាប់តាម៉ុកវិញថាសូមកុំទាន់អាលវិលត្រឡប់មកវិញ និងប្រាប់តាម៉ុកឲ្យបន្តធ្វើកិច្ចការនានានៅក្នុងព្រៃនោះសិន តាមអ្វីដែលអាចធ្វើទៅកើត។
តាម៉ុកពេលបានទទួលសារនោះហើយគាត់ក៏មិនទាន់ហ៊ានវិលមកអន្លង់វែងភ្លាមដែរ។ តាម៉ុករង់ចាំពេលវេលា ក្នុងការឆ្លើយតបវិញ។
លោក ខឹម ងួន ដែលជាប្រធានកងពលលេខ១៧ ទទួលការកាន់កាប់តំបន់អន្លង់វែងបាននិយាយថានេះជាលើកទីមួយហើយដែលគេបានឃើញតាម៉ុកនិងប៉ុលពតប្រើភាសាគ្រោតគ្រាតយ៉ាងនេះដាក់គ្នាពីព្រោះកន្លងមកមេដឹកនាំខ្មែរក្រហមទាំង២នាក់នេះរាប់អាននិងស្រឡាញ់គ្នាប្តូរផ្តាច់ណាស់។
ផ្ទះតាម៉ុកនៅអន្លង់វែងនោះ គឺនៅមិនឆ្ងាយពីផ្ទះពីប៉ុលពតប៉ុន្មានទេ ចម្ងាយប្រមាណតែ១៥០ម៉ែត្រពីគ្នាតែ ប៉ុណ្ណោះ។លោក ខឹម ងួន និយាយថា គេតែងឃើញមេដឹកនាំខ្មែរក្រហមទាំង២នៅក្បែរគ្នារហូតដល់ឆ្នាំ១៩៩៤។ លោក ខឹម ងួន និយាយថាកាលពីនៅអន្លង់វែងនោះ តាម៉ុក កាលណាមានត្រីឬផ្លែឈើតែងតែយកមកអោយប៉ុលពតជារឿយៗ…ប៉ុន្តែក្រោយពីមេដឹកនាំទាំង២មានសម្តីគ្រោតគ្រាតឆ្លើយឆ្លងដាក់គ្នានាពេលនេះបានធ្វើអោយមនុស្សដែលធ្លាប់តែដើរតាមគន្លងអ្នកទាំង២ក៏ត្រូវចែកផ្លូវដើរផ្សេងពីគ្នាផងដែរ។
លោក ខឹម ងួន បានសរសេរទៀតថាក្រោយមកតាម៉ុកបានសរសេរសំបុត្រមួយទៀតមកប៉ុលពតដើម្បីសុំអនុញ្ញាតអោយគាត់បានវិលត្រឡប់មកអន្លង់វែងវិញ។ក្រោយមកប៉ុលពតក៏បានយល់ព្រម។
ដើម្បីការធ្វើដំណើរពីក្នុងព្រៃនោះ វិលត្រឡប់មកអន្លង់វែងបាន មេខ្មែរក្រហមទាំង៣ ត្រូវក្លែងខ្លួន ក្នុងនោះតាម៉ុក បានក្លែងជាលោកសង្ឃព្រះពុទ្ធសាសនា។
ដើម្បីកិច្ចសហការជួយអ្នកទាំង៣វិលទៅអន្លង់វែងវិញបាននោះ ពួកខ្មែរក្រហមបានទាក់ទងនឹងពាណិជ្ជករថៃ ដើម្បីអោយពួកថៃទាំងនោះជួយនាំខ្លួន តាម៉ុក នួនជា និងសុនសេន វិលមកអន្លង់វែងវិញ។
ឯកសារសរសេរថាអ្នកទាំង៣បានមកដល់អន្លង់វែងវិញនៅថ្ងៃទី៣០តុលាឆ្នាំ១៩៩៦ក្រោយពេលរស់នៅក្នុងព្រៃចំនួន៣ខែ។ឯកសារសរសេរថាអ្នកទាំង៣ស្គមស្ទើរតែមិនអាចដើររួច ពេលបានមកដល់អន្លង់វែងនេះវិញ។ ប៉ុន្តែដំណើរវិលត្រឡប់របស់អ្នកទាំង៣មកដល់អន្លង់វែងវិញត្រូវគេរក្សាការជាសម្ងាត់មិនអោយប្រជាជននៅទីនោះដឹងទេលើកលែងតែមនុស្សសំខាន់ៗតែ២ទៅបីនាក់តែប៉ុណ្ណោះ។
តាមពិត ប៉ុល ពត មិនចង់អោយមនុស្សនៅអន្លង់វែងដឹងថាតាម៉ុកវិលមកវិញនោះទេដោយសារតែតំបន់អន្លង់វែងគឺជាតំបន់តាម៉ុកហើយមានមនុស្សជាច្រើនដែលចូលចិត្តតាម៉ុកហើ់យមនុស្សភាគច្រើននៅអន្លង់វែងនោះគឺគេស្តាប់តាម៉ុកតែម្នាក់ប៉ុណ្ណោះ។
ក្រោយពេលមកដល់អន្លង់វែងភ្លាម ប៉ុល ពត បានរៀបចំកិច្ចប្រជុំមួយដើម្បីរកលេសដកនិងផ្លាស់ប្តូរមនុស្សរបស់តាម៉ុកចេញដើម្បីបន្ថយអំណាចតាម៉ុកនៅអន្លង់វែងនោះ។
នៅដើមខែវិច្ឆិកាឆ្នាំ១៩៩៦ប៉ុលពត នួនជា សុនសេន បានមកជួបជុំគ្នានៅផ្ទះតាម៉ុក។ ឯកសារសរសេរថាខៀវ សំផន ខឹម ងួន និងលោក ងួន នូ ត្រូវបានគេបានអនុញ្ញាតអោយចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ។ប៉ុលពត នៅក្នុងកិច្ចប្រជុំនាពេលនោះបាននិយាយជះកំហឹងខ្លាំងៗ។ប៉ុលពត បានបន្ទោសថាគ្មានអ្នកណាបានស្តាប់គាត់សោះនៅពេល ដែលគាត់បានបញ្ជាពីអន្លង់វែងអោយសម្លាប់ អ៊ី ឈាន …សុខ ភាព និងស៊ូ ម៉េតនោះ។ ប៉ុលពតបាននិយាយថាដោយសារតែការមិនស្តាប់បញ្ជានោះហើយបានជាធ្វើអោយខ្មែរក្រហមបាត់បង់មូលដ្ឋាន រឹងមាំនៅភាគពាយព្យនិងបស្ចឹមនៃប្រទេសកម្ពុជានោះ។តាម៉ុក បានព្យាយាមនិយាយពន្យល់នាពេលនោះដែរ។តាម៉ុកនិយាយអំពីមូលហេតុដែលនាំអោយកម្លាំងគាត់បានចាញ់និងកំហុសពាក់ព័ន្ធឯទៀតដើម្បីអោយប៉ុលពតស្តាប់។ ប៉ុលពតបាននិយាយកាត់តាម៉ុកដោយកំហឹងថាមិនបាច់អោយតាម៉ុកនិយាយអ្វីថែមទៀតនោះទេ។ ប៉ុលពត បានប្រើពាក្យមួយទៅកាន់ក្រុមតាម៉ុកថា អស់លោកគួរតែសម្រាកទៅល្អជាង។
ឯកសារខ្មែរក្រហមសរសេរថា ពាក្យសម្តីរបស់ ប៉ុលពត គឺមានន័យច្បាស់ថាប៉ុលពតចង់ព្យួរការងារមេដឹកនាំទាំង៣នាក់នោះហើយ។ ឯកសារលោកខឹមងួនបានសរសេរថាកិច្ចប្រជុំនាពេលនោះមិនយូរប៉ុន្មានទេគឺមានតែរយៈពេល៤៥នាទីតែប៉ុណ្ណោះប៉ុន្តែក្នុងរយៈពេលដ៏ខ្លីនោះគឺខ្លឹមសារហាក់ដូចជាបំផ្លាញទំនុកចិត្តដែលមានរយៈពេល៣០ឆ្នាំនោះមកហើយអញ្ចឹង។
បន្ទាប់ពីប្រជុំនិងមុនចាកចេញប៉ុលពត បាននិយាយថាគាត់អាចប្រហែលអាចជួបអ្នកទាំងឡាយនោះវិញនៅក្នុង រយៈពេល១០ថ្ងៃទៅមុខទៀត។ ក្រោយពីកិច្ចប្រជុំនោះមកប៉ុលពត បានចាប់ផ្តើមតែងតាំងមនុស្ស។ ឯកសារលោក ខឹម ងួន សរសេរបង្ហាញការឆ្ងល់ថាប៉ុលពតមិនដែលធ្វើកិច្ចការតែងតាំងមនុស្សនោះទេប៉ុន្តែអ្វីមួយដែលនាំអោយគេឆ្ងល់ទៅទៀតនោះគឺថាហេតុអ្វីបានជាតាម៉ុកចេះតែអាចទ្រាំអោយប៉ុលពតធ្វើយ៉ាងនេះឬយ៉ាងនោះស្រេចតែចិត្តឬតាម៉ុកគាត់មិនដឹងថាប៉ុលពតបានបញ្ជាអោយមនុស្សរាល់គ្នាលាក់ជាសម្ងាត់នៃវត្តមានរបស់តាម៉ុកដែលមកដល់អន្លង់វែងនេះរួចទៅហើយនោះមែន? ឯកសាររបស់មេបញ្ជាការខ្មែរក្រហមបាននិយាយថាតាម៉ុក សុនសេន នួនជា ត្រូវគេរៀបចំផ្ទះអោយស្នាក់នៅក្បែរគ្នាក្នុងលក្ខណៈស្ងៀមស្ងាត់មិនអោយមានមនុស្សដឹង។ ចាប់តាំងពីថ្ងៃប្រជុំនោះមកគឹគេមិនឃើញមានការប្រជុំអ្វីថ្មីជាមួយមេដឹកនាំទាំងនោះកើតទៀតទេរហូតដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ១៩៩៧ព្រឹត្តិការណ៍បង្ហូរឈាមមួយចំពោះគ្រួសាររបស់ សុន សេន បានកើតឡើង។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ក្នុងមុខព្រួញសម្តៅទៅរំលាយសំបុកខ្មែរក្រហមនៅអន្លង់វែង បានថ្លែងបញ្ជាក់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នូវនយោបាយពាលស៊ីពាលរបស់ខ្មែរ ក្រហមនៅអន្លង់វែងក្នុងខែមិថុនាឆ្នាំ១៩៩៧នោះ។ លោក សុន សេន…ភរិយារបស់លោកសុ ន សេន ឈ្មោះ យ៉ុន យ៉ាត ត្រូវក្រុមទាហានប៉ុលពតបាញ់សម្លាប់រីឯកូនចៅ ក្នុងគ្រួសារលោក សុន សេន ឯទៀតក៏ត្រូវគេសម្លាប់ផងដែរដោយសពអ្នកទាំងនោះត្រូវគេបើករថយន្តកិនពីលើបន្ថែមទៀត។សមាជិកគ្រួសារទាំងមូលរបស់ លោក សុន សេន ដែលមានចំនួន១០នាក់ ត្រូវគេសម្លាប់ចោលទាំងអស់។
(នៅមានត)