ក្រសួងទេសចរណ៍អនុញ្ញាឲ្យមានការដើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តន៍តាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព

ខណៈឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ នឹងចូលមកដល់នៅថ្ងៃស្អែក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីការអនុញ្ញាតបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តវិញបាន។ ប៉ុន្តែលោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាជាចាំបាច់។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចចេញធ្វើដំណើរកម្សាន្តនៅតាមគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងគោលដៅទេសចរណ៍បេតិកភណ្ឌ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម។

ចំពោះការអនុវត្តការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់មូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវធ្វើឱ្យបានល្អប្រសើរជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។ តាមការព្យាករណ៍បឋមរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុងអាចមានចំនួនប្រមាណ ៩ លាននាក់ ដែលថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner