ប្រទេសបេឡារូស និងអាហ្សង់ទីនចាប់ផ្តើមចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីក្នុងទ្រង់ទ្រាយធំ
បេឡារូស៖ បេឡារូស និងអាហ្សង់ទីនបានចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំជាមួយនឹងវ៉ាក់សាំងផលិតនៅរុស្ស៊ីឈ្មោះ Sputnik V នៅថ្ងៃអង្គារនេះ ដោយក្លាយជាប្រទេសដំបូងគេនៅខាងក្រៅប្រទេសរុស្ស៊ី ដែលបានចាក់វ៉ាក់សាំងនេះ នេះបើតាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
វ៉ាក់សាំង Sputnik V ជុំដំបូងបានទៅដល់អតីតសាធារណរដ្ឋសូវៀត បេឡារូសកាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបានចាប់ផ្តើមភ្លាមៗតែម្តង ។ រដ្ឋមន្ត្រីសុខាភិបាលបេឡារូសលោក ឌីមេទ្រី ភីនេវិច បញ្ជាក់ថា ដំណាក់កាលថ្មីចាប់ផ្តើមនៅបេឡារូសថ្ងៃនេះ ជាមួយនឹងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប្រឆាំងនឹង Covid-19 ។
បុគ្គលិកពេទ្យ គ្រូបង្រៀន និងអ្នកដែលទាក់ទងមនុស្សជាច្រើនដោយសារតែការងាររបស់ពួកគេនោះ នឹងក្លាយជាអ្នកដំបូងគេត្រូវចាក់វ៉ាក់សាំង… ការចាក់វ៉ាក់សាំងនឹងធ្វើឡើងដោយស្ម័គ្រចិត្តទាំងស្រុង ៕

