វីរុស COVID-19 ទម្រង់ថ្មីឆ្លងរាលដាលដល់រដ្ឋ ខូឡូរ៉ាដូ របស់សហរដ្ឋអាមេរិកហើយ
អាមេរិក៖ អភិបាលរដ្ឋខូឡូរ៉ាដូលោក ហ្សារែដ ផូលីស នៅថ្ងៃអង្គារនេះបញ្ជាក់ថា រដ្ឋរបស់លោកបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ទម្រង់ថ្មីលើកដំបូង ឬគេស្គាល់ថា B117 ដែលត្រូវបានរកឃើញមុនគេនៅអង់គ្លេស នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
អភិបាលរដ្ឋខូឡូរ៉ាដូ បានបញ្ជាក់ទៀតថា អ្នកឆ្លងវីរុស Covid-19 ទម្រង់ថ្មីនេះ គឺជាបុរសម្នាក់មានអាយុប្រហែល២០ឆ្នាំ ហើយបច្ចុប្បន្នបុរសរូបនេះ កំពុងស្ថិតនៅដាច់ដោយឡែកពីគេក្នុងតំបន់ អ៊ែលប៊ឺត ខោនធី និងមិនមានប្រវត្តិធ្វើដំណើរឡើយ ។
សូមជម្រាបថា ករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីនៅក្នុងរដ្ឋ ខូឡូរ៉ាដូ គឺជាករណីឆ្លងដំបូងបំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយអាជ្ញាធរកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយបុរសរូបនេះ ៕

