ឯកឧត្ដម ស៊ុន ចាន់ថុល ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស សូមផ្ញើលិខិតអបអរសាទរ និងជូនពរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង។
ភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូង គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អត្តមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពី របបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។
«សន្តិភាព» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើ សមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។
