សមាជិកសភាអាមេរិកដំបូងម្នាក់ដែលបាត់បង់ជីវិតដោយសារកូវីដ
បរទេស៖ ជាដំណឹងគួរឲ្យសោកស្តាយមួយដែលសមាជិកសភាអាមេរិកម្នាក់មកពីរដ្ឋ Louisiana បានក្លាយទៅជា
មនុស្សដំបូងបំផុតនៅក្នុងសភាដែលបានទទួលមរណភាពដោយសារតែវិរុសកូវីដ19កាលពីថ្ងៃអង្គារម្សិលមិញ។
លោក Luke Letlow ក្នុងវ័យ៤១ឆ្នាំមកពីគណបក្សសាធារណៈទើបតែទទួលបានការបោះឆ្នោតគាំទ្រ និងថែមទាំង
កំពុងត្រៀមខ្លួនធ្វើសច្ចាប្រណិធានសម្រាប់តំណែងរបស់ខ្លួននៅថ្ងៃអាទិត្យនេះទៅហើយ ប៉ុន្តែដោយសារតែមិនអាចទ្រាំទ្របាន លោក Letlow បានបាត់បង់ជីវិតក្រោយពេលដែលរកឃើញថាគាត់មានផ្ទុកកូវីដតាំងតែពីថ្ងៃទី 18 ខែធ្នូ។
យោងតាមការបញ្ជាក់របស់លោក John Bel Edwards អភិបាលរដ្ឋ Louisiana ទង់ជាតិអាមេរិកនឹងត្រូវបង្ហូត
ត្រឹមពាក់កណ្តាលនៅក្នុងថ្ងៃបុណ្យសពរបស់លោក Luke Letlow ប៉ុន្តែមកដល់ពេលនេះដោយសារទទួលបានការផ្ញើសាររំលែកទុក្ខក្រៀមក្រំនេះច្រើនពេក ក្រុមគ្រួសាររបស់លោក Letlow បានស្នើសុំឲ្យពួកគេអាចរក្សាភាពស្ងប់ស្ងាត់បន្តិចជាលក្ខណៈឯកជន ហើយនឹងប្រកាសអំពីការរៀបចំបុណ្យសពនៅពេលក្រោយ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះអាមេរិកត្រូវបានគេមើលឃើញថាកំពុងជួបបញ្ហាប្រឈមកាន់តែខ្លាំងជាមួយការឆ្លងរាលដាលនៃជំងឺកូវីដកាន់តែច្រើនឡើងទោះបីជាវ៉ាក់សាំងកូវីដកំពុងចាប់ផ្តើមចែកចាយក្តី ហើយតួលេខចុងក្រោយបានបង្ហាញថានៅសហរដ្ឋអាមេរិកអ្នកស្លាប់បានកើនឡើងដល់ 337,918 នាក់ និងអ្នកឆ្លងមានទៅដល់ 19,526,228 នាក់មកហើយ៕