រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យនិស្សិតទទួលបានទាំងចំណេះ និងបទពិសោធការងារ
ភ្នំពេញ៖ រៀនបណ្ដើរ ធ្វើការងារបណ្ដើរ ជាសកម្មភាពដែលយុវជនកម្ពុជាកំពុងអនុវត្ត ស្របពេលដែលពួកគេបន្ត
ការសិក្សានៅមហាវិទ្យាល័យ។ ការសម្រេចចិត្តរៀនផងធ្វើការងារផងនេះ ដោយសារបង្កើនទំនុកចិត្តដល់ខ្លួនឯង កត្តាជីវភាពគ្រួសារ ឥទ្ធិពលសង្គម គួបផ្សំនឹងតម្រូវការបទពិសោធការងារ។ យុវជនទទួលបានអត្ថប្រយោជន៍ជា
ច្រើនពីការងារ តែក៏មានបញ្ហាប្រឈមខ្លះដែរ ដែលពួកគាត់ត្រូវពិចារណាក្នុងដំណាក់កាលនេះ។
កញ្ញា ម៉ូង យោត ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត បាននិយាយថា រៀនបណ្តើរធ្វើការងារបណ្តើរក្នុង
ពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅ
ប្រចាំថ្ងៃ។ និស្សិតរូបនេះ រំពឹងថា បទពិសោធការងារដែលមានស្រាប់នឹងផ្តល់ឱកាសការងារល្អៗបន្ទាប់ពីរៀន
ចប់សាកលវិទ្យាល័យ។

កញ្ញា ម៉ូង យោត ៖ “ពេលដែលខ្ញុំធ្វើការ ខ្ញុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ចាយវាយប្រចាំខែ ជាពិសេសខ្ញុំអាច
ចំណាយលើថ្លៃបង់សាលា ទិញសម្ភារៈសិក្សា និងចំណាយផ្សេងៗប្រចាំថ្ងៃ មិនចាំបាច់ពឹងពាក់លើលុយកាក់អ្នក
ផ្ទះ។ ខ្ញុំអាចជួយខ្លួនឯងបាន ហើយអាចជួយគ្រួសារខ្ញុំបានខ្លះៗទៀត… ខ្ញុំនិងគ្រួសារខ្ញុំក៏បានធូរចិត្តដូចគ្នាមិនចាំ
បាច់ពឹងលើការហត់នឿយរបស់ពួកគាត់ (ម្តាយឳពុក) ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ”។
ការងារក្រៅម៉ោងសិក្សា បានបង្រៀនយុវតីរូបនេះ ឱ្យចេះសម្របខ្លួនធ្វើការងារជាមួយនឹងមនុស្សថ្មីៗ យល់ពីរ
បៀបធ្វើការងារជាក្រុម ហ្វឹកហាត់ចិត្តគំនិតឱ្យអត់ធ្មត់ ព្រមទាំងរៀនសូត្រពីរបៀបដំណោះស្រាយបញ្ហា។ លើសពីនេះបានបង្កើនចំណងមិត្តភាពកាន់តែស្និទ្ធស្នាលជាមួយមិត្តភក្តិរួមការងារ។ “នៅពេលធ្វើការ ខ្ញុំអាច
បង្កើតចំណងមិត្តភាពជាមួយអ្នកនៅកន្លែងធ្វើការ ជួយឱ្យខ្ញុំមានបណ្ដាញទំនាក់ទំនងមួយដែលរឹងមាំសម្រាប់
ធ្វើការងារនៅថ្ងៃខាងមុខទៀត” នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ម៉ូង យោត។
ចំណែកកញ្ញា សៀន សុលឿក ជានិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ និងជាបុគ្គលិក
ហាត់ការនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយកន្លែង ក៏បានប្រាប់ឱ្យដឹងដែរថា ការងារហាត់ការរាល់ថ្ងៃ មិនមែនជា
បន្ទុកលំបាកប៉ះពាល់ដល់ការសិក្សារបស់កញ្ញាឡើយ តែផ្ទុយទៅវិញទទួលបានបទពិសោធយ៉ាងច្រើនពីការ
ងារ។ សុលឿក បានលើកឡើងថា ៖ “រៀនផងធ្វើការងារផង សម្រាប់ខ្ញុំមិនទាន់ដល់ដំណាក់កាលពិបាកទេ ព្រោះសព្វថ្ងៃខ្ញុំជាបុគ្គលិកហាត់ការងារ ដូច្នេះការងារមិនសូវមានច្រើនទេ។ ខ្ញុំអាចរៀនកន្លះថ្ងៃ និងធ្វើការកន្លះ
ថ្ងៃបាន”។

និស្សិតម្នាក់ៗកំពុងសិក្សានៅមហាវិទ្យាល័យ សុទ្ធតែទទួលស្គាល់ពីគុណសម្បត្តិនៃការងារក្រៅម៉ោង ផ្តល់ទាំង
ប្រាក់ចំណូលទទួលបានទាំងចំណេះ ប៉ុន្តែបើធ្វេសប្រហែសគុណវិបត្តិក៏នឹងកើតមានព្រមគ្នាដែរ។សម្រាប់
យុវជន មុច សុភ័ក និស្សិតសាកលវិទ្យាល័យន័រតុន កំពុងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល យល់ថា ធ្វើការ
បណ្ដើររៀនបណ្ដើរនេះ មានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។ សុភ័ក បានបញ្ជាក់ថា ធ្វើការងារទន្ទឹមនឹងពេល
វេលាកំពុងសិក្សា និស្សិតនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវនិងអានសៀវភៅបានច្រើនឡើយ។
សុភ័ក បានលើកឡើងថា៖ “ការពិតទៅមិនសូវមានអ្នកណាដែលចង់ធ្វើការបណ្ដើររៀនបណ្ដើរទេ តែកត្តាជីវភាព
ជំរុញឱ្យនិស្សិតរៀនផងធ្វើការងារផង ហើយចង់បានបទពិសោធការងារ។ ពេលយើងយកពេលទៅធ្វើការ វាប៉ះ
ពាល់ការរៀនសូត្ររបស់យើង ព្រោះយើងអត់មានពេលវេលាមើលសៀវភៅ ឬមើលមេរៀនបានច្រើនទេ…”។

ទន្ទឹមនឹងការលើកឡើងរបស់យុវជនទាំងបីរូបខាងលើ លោក ឆោម សុខឿន មន្រ្តីសម្របសម្រួលនៅមជ្ឈ
មណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ មានប្រសាសន៍ថា និស្សិតថ្នាក់ឧត្តមសិក្សា
ធ្វើការផងរៀនផងក្នុងពេលតែមួយ អាចទទួលបានប្រយោជន៍យ៉ាងច្រើនពីការសិក្សានិងការងាររបស់ពួកគេ ពិសេសយុវជនបានអនុវត្តការងារដោយផ្ទាល់លើជំនាញដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។
លោក ឆោម សុខឿន បានបញ្ជាក់បន្ថែមថា៖ “ពេលដែលនិស្សិតចេញធ្វើការ គាត់អាចយល់ដឹងពីវិសាលភាព
ការងារដែលអនុញ្ញាតឱ្យគាត់ស្វែងយល់ និងអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានសមស្របទៅនឹងតម្រូវការទីផ្សារ
ការងារ”។
ស្របនឹងគុណសម្បត្តិខាងលើ មន្ត្រីរូបនេះ បានបន្តលើកឡើងថា ប្រសិនបើនិស្សិតផ្ដោតលើការងារខ្លាំងពេក នោះគុណភាពសិក្សាអាចនឹងធ្លាក់ចុះ បញ្ហាសម្ពាធផ្លូវចិត្តនឹងកើតឡើង ថែមទាំងគ្មានពេលវេលាសម្រាកគ្រប់
គ្រាន់ដើម្បីគិតគូរដល់សុខភាពផ្ទាល់ខ្លួន។ លោកថា ប្រសិនបើនិស្សិតមិនបានបែងចែកពេលវេលាច្បាស់លាស់ នោះនឹងប៉ះពាល់ខ្លាំងដល់ការសិក្សា។
“ខ្ញុំចង់ឃើញយុវជនជ្រើសរើសការងារត្រូវនឹងជំនាញសិក្សានៅសាកលវិទ្យាល័យ ច្រើនជាងជ្រើសរើសការងារ
ខុសពីជំនាញរបស់ពួកគេ បើខុសគ្នាឆ្ងាយពេកនោះនឹងមានឧបសគ្គក្នុងការសិក្សា” លោក ឆោម សុខឿន មន្ត្រី
ជំនាញនៃភ្នាក់ងារជាតិមុខរបរនិងការងារ។
គួរបញ្ជាក់ថា ការសិក្សានៅមហាវិទ្យាល័យទាមទារឱ្យនិស្សិតមានទាំងចំណេះដឹង សីលធម៌រស់នៅល្អ និងមាន
សមត្ថភាពលើជំនាញសិក្សាច្បាស់លាស់ ដើម្បីត្រៀមខ្លួនចាប់យកឱកាសការងារជាក់លាក់ក្រោយពេលបញ្ចប់
ការសិក្សា។ លើកពីនេះអាចនិយាយបានថា សិក្សាបណ្តើរធ្វើការបណ្តើរក្នុងពេលតែមួយ ជាពេលវេលាដែល
សមស្របសម្រាប់និស្សិត ចាប់ផ្តើមបន្សាំខ្លួនជាមួយបរិកាសការងារក្នុងសង្គមឱ្យបានទូលំទូលាយ ទោះក្នុងរូប
ភាពការងារស្ម័គ្រចិត្ត ឬរូបភាពនៃការងារហាត់ការ៕