អគ្គលេខាធិការ CAMSOC អះអាងថា សមិទ្ធផលការងារឆ្នាំ២០២០នេះ ទោះបីមានការរំខានពីជំងឺកូវីដតែលទ្ធផលទទួលបានលើសការរំពឹងទុក
គណៈកម្មាធិការជាតិ រៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC ម្សិលមិញនេះ បានកោះហៅមន្រ្តីជំនាញគ្រប់ផ្នែកមកជួប ប្រជុំពិនិត្យលទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ ។ កិច្ចប្រជុំនេះ បានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ឆ្នាំ២០២០នេះ ទោះបី មានបញ្ហារំខានពីជំងឺកូវីដ១៩យ៉ាងណាក្តី ក៏ CAMSOC នៅតែបន្តដាក់ទិសដៅរៀបចំការងារ ទៅតាមផែនការការងារ ដែលបានគ្រោងទុក សម្រេចបានលទ្ធផល ជោគជ័យលើសការរំពឹងទុក ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

អគ្គលេខាធិការ ខាងលើអះអាងទៀតថា កិច្ចប្រជុំនេះ ក្រៅពីពិនិត្យមើលលទ្ធផលការងារ ក្នុងឆ្នាំ២០២០ និងទិសដៅផែនការសម្រាប់ឆ្នាំ២០២១ CAMSOC ក៍បានលើកបញ្ហាប្រឈមមួយចំនួន ដូចជាជំងឺកូវីដ១៩ ដើម្បីជាវិធានការរកដំណោះស្រាយក្នុងឆ្នាំ២០២១ ឲ្យរួចរាល់ឈានទៅសម្រេចតាមទិសដៅឬផែនការគ្រោងទុករបស់ CAMSOC ធ្វើយ៉ាងឲ្យជោគជ័យនៅឆ្នាំ២០២៣ដែលយើងទទួលធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការ ខាងលើ បន្ថែមទៀតថា ទិសដៅបន្តឆ្នាំ២០២១ ត្រូវសម្រេចអោយរួចរាល់ នាចុងឆ្នាំ២០២១ ក្នុងនោះត្រូវរៀបចំផែនការបច្ចេកទេស ទីលានប្រកួត និងរៀបចំបញ្ចូលវិញ្ញាសាត្រៀមប្រកួតប្រជែងជាដើម។

សូមបញ្ជាក់ថា របាយការណ៍ការងារសម្រេច របស់គណៈកម្មាធិការ CAMSOC ក្នុងឆ្នាំ២០២០ និងទិសដៅអនុវត្តការងារបន្តក្នុងឆ្នាំ២០២១ ដូចជា រៀបចំធ្វើមហាសន្និបាតធំៗ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀបាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣៕