ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ (prosur insurance)ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួនជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តនគរបាលដែលបានខិតខំបំពេញភារកិច្ច ការពារសន្តិសុខ រក្សា សណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្ភារប្រើប្រាស់ចំនួន០៩ប្រភេទ ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ (prosur insurance)បានឧបត្ថម្ភជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់ និងជាការលើកទឹកចិត្តកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមូកនូវ ស្ថិរភាព សុវត្ថិភាព សង្គម ជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។
គ្រាដែលគេមើលឃើញថារាជធានីភ្នំពេញ ទិដ្ឋភាពទូទៅនៅពេលបច្ចុប្បន្ន ដោយមានការខិតខំប្រឹងប្រែងអនុវត្តការងាររបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចេញប្រតិបត្តិការ អនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសដោយបានដោះស្រាយសភាពការណ៍សន្តិសសុខ សណ្តាប់ធ្នាប់ សាធារណៈ ធានាបាន សុខសុវត្ថិភាព និងជាពិសេសធ្វើឱ្យបទល្មើសទូទៅ មានការថយចុះជាបន្តបន្ទាប់ ដែលនាំឱ្យមានការគាំទ្រពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងការផ្តល់ជំនឿទុកចិត្តកាន់តែខ្លាំងឡើងមកលើការដឹកនាំ និងបំពេញភារកិច្ចរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ។
ពិធីទទួល និងប្រគល់សម្ភារទាំងនោះបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងវត្តមានអគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងប្រូសួរ (prosur insurance)លោក រ៉េត រិទ្ធី និងសហការរី។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ក៏បានមានប្រសាសន៍ ថ្លែងអំណគុណរដល់លោកអគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងប្រូសួរ (prosur insurance)ដែលបានផ្តល់សម្ភារប្រើប្រាស់ជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបំពេញតម្រូវការការខ្វះខាតនៅក្នុងអង្គភាព។ នេះជាការបង្ហាញនូវទឹកចិត្តដ៏សប្បុរស និងជាការគិតគូរខ្ពស់ពីសុខទុក្ខរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលជានិច្ចជាកាល តែងតែ បានអនុវត្តភារកិច្ចដោះស្រាយបញ្ហានានាឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
ជាពិសេសនៅក្នុងតំណាក់កាលដែលប្រទេសកម្ពុជាកំពុងគំរាមកំហែងដោយជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តន៍តាមទិសដៅការងារបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសុខាភិបាល ក៏បានផ្សព្វផ្សាយអប់រំជូនកម្លាំងនគរបាលគ្រប់អង្គភាពចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩។ ជាពិសេសថែមទៀតក៏បានចូលរួមសហការជាមួយមន្រ្តីជំនាញសុខាភិបាល ចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ អនុវត្តន៍តាមគោលកាណ៍ និងវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺឆ្លងកូវីដ១៩ មិនឱ្យឆ្លងរាលដាលទៅដល់សហគមនោះឡើយ។
ពាក់ព័ន្ធ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឯណោះវិញ ឯកឧត្តម សេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនដល់អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ (prosur insurance) និងសហការរីទៀតថា ដោយពិនិត្យឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យប្រជាពលរដ្ឋស្លាប់ និងរងរបួសមានការកើនឡើងគួរឱ្យព្រួយបារម្ភដោយសារការបើកបរយានយន្តគ្រប់ប្រភេទ បំពានច្បាប់ចរាចណ៍ផ្លូវគោក។បញ្ហានោះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។
ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តន៍តាមអនុក្រឹត្យលេខ៣៩ ចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា កន្លងទៅនេះ ដោយពិនិត្យឃើញថាក្នុងអំឡុងចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេលជាង០១ខែចុងក្រោយនេះ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនិយាយដោយឡែកនៅក្នុងរាជធានីភ្នំពេញបានថយចុះ ចំណែកអ្នកស្លាប់, អ្នករងរបួសក៏ថយចុះផងដែរ។
ដោយសារប្រជាពលរដ្ឋបានយល់ដឹង និងមានស្មារតីភ្ញាក់រលឹកខ្ពស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ សូមបញ្ជាក់ថាសម្ភារៈដែលបានផ្តល់ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដូចជា៖ ១. មួកសុវត្ថិភាពចំនួន ១៥០មួក , ឆ័ត្រចំនួន ១៥០, អាវភ្លៀងចំនួន ១២០អាវ, សៀវភៅកត់ត្រាចំនួន ១២០ក្បាល,បន្តោងសោរចំនួន ២០៨, ប៉ិចចំនួន ១២០ដើម, ផៅវ័របែងចំនួន ១០០គ្រឿង, អាវយឺតចំនួន ២០០អាវ, ថង់ក្រណាត់ចំនួន ៣០០ថង់៕ ដោយ៖ សំ វិច្ឆិកា