បុរសវ័យចំណាស់ម្នាក់ដេកស្លាប់នៅលើស៊ីក្លូ មិនទាន់ដឹងមូលហេតុ នៅខណ្ឌ៧មករា
ភ្នំពេញ៖ បុរសម្នាក់វ័យចំណាស់ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូបានដេកស្លាប់ ដោយមិនទាន់មូលហេតុ នៅលើស៊ីក្លូ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសន្តិសុខនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា រាល់ថ្ងៃគាត់តែងតែឃើញបុរសវ័យចំណាស់ខាងលើផឹកស្រាមិនហូបបាញរាល់ថ្ងៃ ទើបធ្វើឱ្យគាត់មានអាការៈខ្សោយ ក៏សង្ស័យថាស្លាប់ដោយសារខ្យល់គ។ សន្តិសុខរូបនេះ បន្តទៀតថា បុរសស្លាប់នៅលើស៊ីក្លូខាងលើ មិនមានអ្នកណាស្គាល់អត្ដសញ្ញាណនៅឡើយទេ។ ដោយគាត់ប្រាប់ថាស៊ីក្លូរបស់ជនរងគ្រោះ ដែលស្លាប់នោះមានលេខសម្គាល់៤១ និងសរសេរពាក្យថា (សមាគម៍ស៊ីក្លូកម្ពុជា) លេខទូរស័ព្ទ ០១២ ៤៦៦ ១៤៥។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ទៅជំនាញកោសលវិច័យ ដើម្បីចុះមកត្រួតពិនិត្យ និងទាក់ទងទៅសមាគម៍ស៊ីក្លូកម្ពុជា ដើម្បីស្វែងរកសាច់ញាតិបន្ដ មកទទួលយកសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ឆៃ ហួត










