អ្នករៀបចំការប្រកួតខ្លែងឯក បានបញ្ជាក់ថា ឆ្នាំ២០២២ គ្រោងនឹងរៀបចំអោយមានទ្រង់ទ្រាយធំជាងឆ្នាំនេះ

ឯកឧត្តម ស៊ឹម សូយុង អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ច អះអាងថា នៅឆ្នាំ២០២២ ការប្រកួតខ្លែងឯក នៅក្នុងសង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ នឹងពង្រីកអោយមានទ្រុងទ្រាយធំជាង ឆ្នាំ២០២១ ខណៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអត្តសញ្ញាណជាតិមួយនេះ ជាលើកដំបូង ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនចូលមកទស្សនាយ៉ាងច្រើនកុះករ។


ឯកឧត្តម បញ្ជាក់ទៀតថា ដោយមើលឃើញសន្ទុះ នៃការគាំទ្រខ្លាំងពីមហាជនទៅលើប្រភេទកីឡាអត្តសញ្ញាណខ្មែរមួយនេះ បូករួមគោលបំណងដែលចង់អភិរក្សខ្លែងឯកខ្មែរ និងចង់បង្ហាញអន្តរជាតិថា ខ្មែរមានទេពកោសល្យជាយូលង់ណាស់មកហើយទៅលើការផលិតខ្លែងឯក ដើម្បីបង្ហោះប្រកួតនារដូវរំហើយ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ ទើបអ្នករៀបចំសម្រេចចិត្តថា នៅឆ្នាំ ២០២២ ការប្រកួតខ្លែងឯកនេះយើងនឹងពង្រីកឲ្យមានទ្រង់ទ្រាយធំ ដោយផ្តល់ឱកាសឲ្យយុវជននៅក្នុងតំបន់ និងមកពីបណ្តាខេត្តផ្សេងៗចូលរួមប្រកួតប្រជែង ដើម្បីផ្សព្វផ្សាយអភិក្សថែរក្សាឲ្យប្រភេទកីឡាកេរ្តិ៍តំណែលដូនតាមួយនេះមានសកម្មភាពផុសផុលឡើងវិញនៅតាមស្រុក ខេត្ត ក្នុងប្រទេសកម្ពុជា។


យុវជន ហេង ប៊ុនហៃ និងយុវជន ធឿន សុធន បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមប្រជែង ខណៈដែលការប្រកួតប្រជែងឆ្នាំដំបូងដណ្តើមបានចំណាត់ថ្នាក់ល្អ ហើយ ពួកគេបានសំណូមពរឲ្យបង្កើតព្រឹត្តិការណ៌នេះជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយជួយឲ្យក្មេងជំនាន់ក្រោយបានស្គាល់ពីខ្លែងឯកដែលជាមរតកដូនតាជំនាន់មុន។


គួររំលឹកថា ខ្លែងឯកគឺជាកីឡាអត្តសញ្ញណមួយរបស់ខ្មែរដែលមានប្រវត្តតាំងពីសម័យអ្នកប្រាជ្ញាធនជ័យមកម្លេះ ហើយ កីឡាមួយប្រភេទនេះចាស់ៗជំនាន់មុន តែងតែធ្វើវាយកប្រកួតប្រជែងគ្នានៅរដូវធ្លាក់ខ្យល់ បន្ទាប់ពីការច្រូតកាត់ប្រមូលផលរួចរាល់។
សូមបញ្ជាក់ ឆ្លងកាត់ការប្រកួតប្រជែងអស់មួយព្រឹកដែលមាន១៧ខ្លែងចូលរួមប្រកួតប្រជែងជាលទ្ធផល ចំណាត់ថ្នាក់លេខ១បានទៅលើបានទៅលើក្រុមកុមារា គីម មីលិក ចំណាត់លេខ២ បានទៅលើ មាស លាងហេង និង ចំណាត់លេខ៣បានទៅលើយុវជន ធឿន សុធន៕
