បងថ្លៃស្រវឹងស្រា រួចមករករឿង និងចាក់ប្អូនថ្លៃ៤ដែកឆាបរបួសធ្ងន់ ហេីយគេចខ្លួនបាត់
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបងថ្លៃចាក់៤ដែកឆាបបណ្ដាលឲ្យរងរបួសធ្ងន់ ហេីយត្រូវបានគ្រួសារទាក់ទងរថយន្ត សង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកបងថ្លៃជាជនបង្កបានគេចខ្លួនបាត់ ។
ករណីខាងលេីនេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅផ្ទះជនរងគ្រោះក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងបុរសជាជនដៃដល់ហេីយត្រូវជាបងថ្លៃជនរងគ្រោះបានផឹកស៊ីស្រវឹង ហើយពេលមកដល់ផ្ទះក៏រករឿងប្អូនថ្លៃ ពេលនោះប្អូនថ្លៃមិនតបតទេដោយសារតែឃេីញបងស្រវឹងទៅហេីយ។
ប្រភពដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះស្រាប់តែជនដៃដល់បានយកដែកឆាបមកចាក់ជនរងគ្រោះចំនួន៤ដែកឆាបបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកជនដៃដល់បានគេចខ្លួនបាត់។
ក្រោយមក ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១ ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់បង្ករបួសស្នាមសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖ ជីម ភារ៉ា


