អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ស្នើរអោយអត្តពលិកសូមរក្សាឆន្ទៈហ្វឹកហាត់


អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯក ឧត្តម សុខ សប្បាយណា បានសូមពរដល់កីឡាករ កីឡាការិនីជម្រើសជាតិគ្រប់ប្រភេទកីឡាសូមបន្តរក្សាជំហរខិតខំហ្វឹកហាត់ជាប្រចាំ ដើម្បីការពារការធ្លាក់ចុះ និងបង្កើនសមត្ថភាពរបស់ខ្លួនត្រៀមប្រជែងមេដាយជូនកម្ពុជាពីការប្រកួតគ្រប់កម្រិតនៅលើឆាកអន្តរជាតិ។


ឯកឧត្តម អនុរដ្ឋលេខាធិការ បានថ្លែងដាក់ចេញនូវសំណូមពរបែបនេះ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនម្ចាស់ជ័យលាភីការប្រកួតជើងឯកពិភពលោក និងជើងឯកអាស៊ី នៅសាលប្រជុំធំក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ។
ឯកឧត្តម លើកឡើងទៀតថា ក្នុងនាមជាកីឡាករការិនីត្រូវគិតមោទនភាពជាតិជាធំទើបធ្វើឲ្យយើងអាចរីកចំរើនសមត្ថភាពនិងឈានទៅសម្រេចបានជោគជ័យក្នុងអាជីពកីឡា។


ឯកឧត្តម បានពន្យល់ថា ប្រសិនបើកីឡាករ កីឡាការិនីជម្រើសជាតិយើងនៅតែបន្តគិតលើប្រាក់ឧបត្ថម្ភអំឡុងពេលប្រមូលផ្តុំហ្វឹកហាត់ដែលផ្តល់ដោយក្រសួងអប់រំយុវជន និងកីឡាជាធំ នោះសមិទ្ធផលបច្ចេកទេសនិងមិនរីកចំរើនឡើយ ព្រោះថា ការផ្តល់របស់ក្រសួងជូនអត្តពលិកជម្រើសជាតិមានតែប៉ុន្មានខែប៉ុណ្ណោះ ។ ដូច្នោះ អត្តពលិកជម្រើសជាតិយើងត្រូវប្រកាន់ភ្ជាប់ជំហរហ្វឹកហាត់ជាប់ជានិច្ចទោះផុតសពលភាពនៃការឧបត្ថម្ភពីក្រសួងក៍ដោយ ការទម្លាប់ខ្លួនបង្កើនការហ្វឹកហាត់ដោយមិនទម្លាក់ដៃវាជួយឲ្យយើងរីកចំរើនទាំងបច្ចេកទេសនិងសមត្ថភាព។


ឯកឧត្តម អនុរដ្ឋលេខាធិការ បានផ្តាំផ្ញើរបន្ថែមដល់អត្តពលិកជម្រើសជាតិ សូមរក្សាសុខភាព និងការហូបចុកឲ្យបានគ្រប់គ្រាន់ ពិសេសត្រូវបន្តសកម្មភាពហ្វឹកហាត់ជាប្រចាំ អំពេលផុតការប្រមូលផ្តុំ ព្រោះថា ភារកិច្ចសម្រាប់អត្តពលិកជម្រើសជាតិនៅពេលខាងមុខ គឺ ស៊ីហ្គេមនៅប្រទេសវៀតណាម និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

