ជប៉ុនគ្រោងនឹងផ្ដល់ជំនួយជាង៤១លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងចំនួន៣

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤មិថុនានេះ បានឲ្យដឹងថា រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និង ឯកអគ្គ រាជទូតជប៉ុនប្រចាំកម្ពុជាលោកមិកាមិ ម៉ាសាហ៊ីរ៉ូ  គ្រោងនឹងអញ្ជើញ ជាអធិបតីក្នុងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពី ការផ្ដល់ ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៤ពាន់៥០១លានយ៉េន ប្រមាណ ៤១លាន៤សែន ដុល្លារ អាម៉េរិក។

ពិធីចុះហត្ថលេខានោះ នឹងធ្វើឡើងនៅរសៀលថ្ងៃទី៥មិថុនា នៅទីស្ដី ការក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ។  ហិរញ្ញប្បទានឥតសំណងទាំងជាង៤១លានដុល្លារ នោះ ត្រូវគេរាយការណ៍ថា សម្រាប់អនុវត្ត គម្រោងចំនួន៣គឺ៖  ទី១ គម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លាន យ៉េន ប្រមាណ ៣លាន២សែន ដុល្លារអាម៉េរិក, ទី២ ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន២ពាន់១៥៣ លានយ៉េន ប្រមាណ ១៩លាន៨សែនដុល្លារអាម៉េរិក  និងទី៣ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាល ដាលនៃជំងឺកូវីដ-១៩ ចំនួន ២ពាន់លានយ៉េន ប្រមាណ ១៨លាន៤សែនដុល្លារអាម៉េរិក។

ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននោះ ត្រូវក្រសួងការបរទេស ចាត់ទុកថា នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner