ថៃមានអ្នកឆ្លង COVID-19 ម្នាក់ទៀតស្លាប់ និងរកឃើញអ្នកឆ្លងថ្មីៗ៧៤៥នាក់ក្នុងនោះ៧០៩នាក់ជាករណីឆ្លងក្នុងសហគមន៍
ថៃ៖ ប្រទេសថៃនៅថ្ងៃចន្ទនេះបានកត់ត្រាពីអ្នកឆ្លង COVID-19 ថ្មីៗចំនួន៧៤៥ករណីទៀត ក្នុងនោះ៧០៩នាក់ជាករណីឆ្លងក្នុងសហគមន៍ រួមជាមួយករណីស្លាប់ថ្មីម្នាក់ផងដែរ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។
អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់រដ្ឋាភិបាលថៃបញ្ជាក់ថា ភាគច្រើននៃករណីឆ្លងថ្មីៗខាងលើនេះ គឺត្រូវបានរកឃើញនៅក្នុងខេត្ត សាមុត សាខន ដែលស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក និង ជាកន្លែងដែលការរាតត្បាតរលកទី ២ បានចាប់ផ្តើមផ្ទុះឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ចាប់តាំងពីពាក់កណ្តាលឆ្នាំមុន ។
សូមជម្រាបថា បន្ទាប់ពីការបូកបន្ថែមករណីថ្មីៗខាងលើនេះ ករណីឆ្លងសរុបនៃជងឺ COVID-19 នៅទូទាំងប្រទេសថៃ បានកើនឡើងដល់៨ពាន់៤៣៩ករណី ក្នុងនោះមនុស្សស្លាប់មាន៦៥នាក់ និងជាសះស្បើយឡើងវិញ៤ពាន់៣៥០នាក់ ៕