អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលកំពុងប្រចាំការនៅតាម ច្រកព្រំដែន ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលកងកម្លាំងចម្រុះប្រចាំ ដែលកំពុងឈរជើងប្រចាំការនៅគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បី ទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ -១៩ ខណៈដែរប្រទេសថៃ បាននឹងកំពុងផ្ទុះការចម្លងជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ។
ឯកឧត្តម អភិបាលខេត្ត គូសបញ្ជាក់ថា ការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក។
ឯកឧត្តមមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារតាមបន្ទាត់ព្រំដែន តាមគោលដៅទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលរដ្ឋខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូន ពលរដ្ឋខ្មែរ ត្រឡប់មកវិញ ហើយប្រសិនបើមានមែន ត្រូវសហករឲ្យបានល្អជាមួយមន្ត្រីសុខាភិបាល ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។ដោយ៖ឃិន គន្ធា





