កូវីដ១៩៖ នៅវៀតណាមកម្មករជាង៥លាននាក់ប៉ះពាល់ការងារ ចូលធ្វើការបណ្តើរៗវិញហើយ

អត្ថបទដោយ៖
Kien Sereyvuth

វៀតណាម៖ សារព័ត៌មាន Vietnamnews បានចេញផ្សាយថា កម្មកររោងចក្រសហគ្រាស ចន្លោះពី ៧ ទៅ៨ម៉ឺននាក់ទូទាំងប្រទេសវៀតណាមបានចាប់ផ្តើមត្រលប់ចូលធ្វើការវិញហើយ ចាប់តាំងពីប៉ះពាល់ដោយសារតែបញ្ហាជំងឺកូវីដ១៩ នេះបើតាមអនុរដ្ឋមន្ត្រីក្រសួងការងារ និយាយអំឡុងកិច្ចប្រជុំមួយ កាលពីថ្ងៃម្សិលមិញ ដោយប្រធានបទផ្តោតលើការចែករំលែកបទពិសោធន៍ ទាក់ទងនឹងការបង្កើតការងារ និងអាជីវកម្មចីរភាព ក្នុងពេលត្រលប់មកភាពធម្មតាវិញ ក្រោយកូវីដ១៩។

ប្រភពបន្ថែមថា ចាប់ពីពេលនេះ ដល់ប៉ុន្មានខែខាងមុខនេះ កម្មករប៉ះពាល់ការងារទាំងអស់ នឹងបន្តចូលធ្វើការវិញ ជាបន្តបន្ទាប់។
លោក Lê Văn Thanh បាននិយាយដែរថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០ វៀតណាមត្រូវបានប៉ាន់ប្រមាណថា មានកម្មករជាង៥លាននាក់បានប៉ះពាល់ ក្នុងនោះ មានទាំងអ្នកបាត់បង់ការងារផង កាត់បន្ថយម៉ោងធ្វើការ ឬបាត់បង់ចំណូល។

ក្រសួងបានឲ្យដឹងដែរថា ៦៧ភាគរយនៃអាជីវកម្មទាំងអស់បានផ្អាកបុគ្គលិក ហើយរហូតដល់៨០ភាគរយនៃសហគ្រាសក្នុងវិស័យមិនផ្លូវការបានព្យួរប្រតិបត្តិការរបស់ខ្លួន ដល់ទៅ១ខែ ក្នុងការឆ្លើយតបនឹងវិធានគម្លាតសង្គម។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលវៀតណាមក៏បានបញ្ចេញថវិកា២១៦លានដុល្លារអាម៉េរិក ក្នុងការជួយដល់កម្មករបាត់បង់ឬព្យួរការងារ តាមរយៈការបណ្តុះបណ្តាលជំនាញថ្មីៗ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner