ក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជា ប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយពីសក្តានុពល តំបន់អេកូទេសចរណ៌ នៅកម្ពុជា

ក្រុមគ្រួសារមហាគ្រួសាររថយន្ត Off Road កម្ពុជា នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ត្រូវបាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឲ្យដឹកនាំសមាជិកក្នុងក្រុមចូលជួបសំដែងការគួរសម និងសំណេះសំណាលពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន ។



នៅក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្រ្តី បានបង្ហាញនូវគោលជំហរគាំទ្រការចូលរួមចំណែកពីបងប្អូនៗមហាគ្រួសាររថយន្ត Off Road កម្ពុជាទៅលើសក ម្មភា ព ជួយផ្សព្វផ្សាយ និងរុករកតំបន់អេកូទេសចរណ៍ថ្មីៗ ជូនប្រជាពលរដ្ឋ នៅតំបន់សំខាន់ៗរបស់កម្ពុជា ។



ទន្ទឹមនិងការគាំទ្រនោះដែរ ឯកឧត្តម ក៍បានណែនាំ និងផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនមហាគ្រួសាររថយន្ត Off Road កម្ពុជា អំពីការចូលរួមថែរក្សាបរិស្ថាន និងការការពារសុវត្ថិភាពអំឡុងពេលធ្វើដំណើរទៅលេងតំបន់ទាំងនោះ ។ ឯកឧត្តម រដ្ឋមន្រ្តី បានពន្យល់ថា បច្ចុប្បន្ន តំបន់ទេសចរណ៌ខ្នងផ្សារ ក្រសួងបរិស្ថាន កំពុងសិក្សា និងរៀបចំឲ្យមានជាកន្លែងចំណតសម្រាប់រថយន្ត ម៉ូតូ កន្លែងបោះតង់ បន្ទប់ទឹក និងកន្លែងសង្រ្គោះបឋម ដើម្បីបរិស្ថានស្អាត និងការពារសុវត្ថិភាពជូនបងប្អូនភ្ញៀវទេសចរណ៌ ដែលទៅលេងកំសាន្តកុំអោយគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ ។


ឯកឧត្តម លើកឡើងទៀតថា រថយន្ត Off Road ឡើងទៅកាន់ខ្នងផ្សារ បច្ចុប្បន្នក្រសួង មិនទាន់ដាក់ចេញនូវបំរាមហាត់នៅឡើយនោះទេ ប៉ុន្តែរាល់ការធ្វើដំណើរទៅរបស់បងប្អូនសូមបើកបរទៅតាមគន្លងផ្លូវចាស់ៗ ពិសេស មិនត្រូវកាប់ឈើរស់ៗឬជាសំបកឈើមកបង្កាត់ភ្លើង និងភ្នូកភ្លើងដែលបង្កឲ្យខូចខាត់បរិស្ថាន និងបាត់បង់សោភ័ណ្ឌភាពបរិស្ថានស្រស់ស្អាត ។

ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានបង្ហាញនូវការគាំទ្រចំពោះចលនាជួយផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៌ និងសកម្មភាពមនុស្សធម៍ពីសំណាក់ក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជា ពិសេស ឯកឧត្តម ក៏បានស្នើរឲ្យមានការជួបពិភាក្សាជាញឹកញាប់ជាមួយគ្នា ដើម្បីរិះរកគន្លឹះ និងដំណោះស្រាយល្អៗ ក្នុងការសហការផ្សព្វផ្សាយពីសក្តានុពលតំបន់អេកូទេសចរណ៌ធម្មជាតិថ្មី ។


ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានបង្ហាញពីការគាំទ្រកិច្ចសហការគ្នា តាមរយៈការផ្តល់ជូននូវថវិកាគាំទ្រមួយចំនួន របស់ក្រសួងបរិស្ថានរាល់ពេលការរៀបចំព្រឹត្តិការណ៍កីឡាមួយចំនួនផងដែរ ។



ក្រោយពីបានស្តាប់ អនុសាសន៌ណែនាំពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាន តំណាងក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជា បានគាំទ្រ និងបានប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការការពារបរិស្ថាន និងផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៌ថ្មីៗជូនប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិពីតំបន់ធនធានធម្មជាតិដ៏សំបូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់ ៕
