វិស័យឯកជនចង់ឱ្យរាជរដ្ឋាភិបាលពន្លឿនការសាងសង់ព្រលានយន្តហោះភាគឦសាន
នៅក្នុងទសវត្សរ៍នេះ ការដឹកជញ្ជូនតាមផ្លូវអាកាស គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេសតាមរយៈវិស័យដឹកជញ្ជូនតាមការហោះហើរមួយនេះ នឹងជួយជំរុញឱ្យមានកំណើនទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបង្កើនទំហំនៃការវិនិយោគដែលជាខឿនសេដ្ឋកិច្ចយ៉ាងប្រសើរ ខណៈដែលនៅតាមបណ្តាប្រទេសនានាក្នុងតំបន់ក៏កំពុងពង្រឹងវិស័យមួយនេះដូចគ្នា។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំគោលនយោបាយសាងសង់ព្រលានយន្តហោះថ្មីស្ថិតតំបន់ភាគឦសាននៃប្រទេស ជាមួយនឹងក្ដីរំពឹងអាចនឹងចាប់ផ្តើមនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ2021ខាងមុខនេះ ដើម្បីជំរុញភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងការវិនិយោគពាណិជ្ជកម្មនៅក្នុងខេត្តមួយនេះ។
បច្ចុប្បន្នគម្រោងសាងសង់ព្រលានយន្តហោះនេះកំពុងស្ថិតនៅក្នុងការសិក្សាជិតបញ្ចប់ និងត្រូវការរយៈពេលសម្រាប់សិក្សាពីផលចំណេញ និងផលប្រយោជន៍សេដ្ឋកិច្ចមួយចំនួនទៀត ដើម្បីឱ្យការសាងសង់ព្រលានក្លាយទៅជាសមិទ្ធផលថ្មី ដែលអាចបំពេញនូវសេចក្តីត្រូវការជាចាំបាច់ដល់ប្រជាពលរដ្ឋតំបន់ និងបម្រើដល់វិស័យទេសចរណ៍ផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់ AMSថា ផែនការនៃការសាងសង់ព្រលានយន្តហោះថ្មីខេត្តមណ្ឌលគីរី គឺស្របទៅតាមផែនការអន្តរក្រសួងដែលបានរៀបចំ ដោយរាជរដ្ឋាភិបាលចង់ជំរុញខេត្តនៃតំបន់ភាគឦសាននេះ ក្លាយទៅជាទីតាំងនៃពហុបំណង ដោយសារខេត្តមានសក្ដានុពលក្នុងវិស័យទេសចរណ៍ និងមានវិសាលភាពធំ ក្នុងការធ្វើពិពិធកម្មកសិកម្ម និងឧស្សហកម្មផងដែរ។
លោកជំទាវបានមានប្រសាសន៍ថា៖« ការសាងសង់ព្រលានយន្តហោះនេះ ពិតជាល្អសម្រាប់គម្រោងការថ្មី ដើម្បីផ្សារភា្ជប់ខេត្តមណ្ឌលគីរី ជាមួយខេត្តផ្សេងទៀត។ បើវិស័យទេសចរណ៍ខ្លាំង មានភ្ញៀវទេសចរទៅដល់ទីណា ទីនោះនឹងមានការវិនិយោគទៅដល់។ នៅពេលមានព្រលានយន្តហើយ មនុស្សអាចធ្វើដំណើរបានលឿន ព្រោះការធ្វើដំណើរបច្ចុប្បន្នត្រូវប្រើរយៈពេលយ៉ាងហោចណាស់6ម៉ោងទើបទៅដល់។ បើមានព្រលានយើងអាចធ្វើដំណើរលឿនជាង ដោយយើងអាចផ្សារភ្ជាប់ជាមួយខេត្តដទៃ ដូចជាខេត្តព្រះសីហនុ ដែលគាត់ធ្វើដំណើរក្នុងថ្ងៃតែមួយ គាត់អាចទៅបាន2-3កន្លែង”។

លោកជំទាវបន្តថា «នេះគឺការឆ្លើយតបទៅនឹងទំហំនៃការវិនិយោគ និងទេសចរណ៍ហូរចូលមកកម្ពុជា ដែលជាសក្តានុពលមួយខ្ពស់មែនទែន ស្របជាមួយគ្នាហ្នឹងដែរ ត្រូវតែមានការពន្លឿននូវផែនការដែលបានធ្វើ បើមិនដូច្នោះទេ ពេលដែលយើងបង្កើតព្រលានយន្តហោះនេះហើយ តែសេវាកម្មផ្សេងៗទៀតមិនទាន់បានកើត នោះក៏យើងមានបញ្ហាយឺតយ៉ាវដែរ»។
លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងផងដែរថា ផែនការនៃការសាងសង់ព្រលានយន្ដហោះនេះ គឺវានឹងស្របគ្នាទៅនឹងការចាក់វ៉ាក់សាំងកូវីដសម្រាប់យើងដែរ ព្រោះយើងបានដំណើរការងារបណ្តើរ វ៉ាក់សាំងក៏នឹងអាចបញ្ជូនមកបណ្ដើរ បើការពន្លឿននូវផែនការប្រែក្លាយខេត្តមណ្ឌលគិរីជាខេត្តពហុបំណង ខេត្តនេះនឹងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការវិនិយោគផ្សេងៗ ដែលជាចំណែកមួយក្នុងការជួយស្តារសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញបានយ៉ាងឆាប់ៗរហ័ស។
តាមការបញ្ជាក់របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យថា គម្រោងផែនការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី បើគិតនៅក្នុងគម្រោងកិច្ចព្រមព្រៀងរហូតដល់ពេលសាងសង់ គឺមិនតិចជាងរយៈពេល 6-8 ខែនោះទេ ហើយតាមការប៉ាន់ស្មានអាចដល់អំឡុងខែសីហា ឬកញ្ញា ឆ្នាំ2021 ដែលអាចជារយៈពេលសរុបការងារចាប់ផ្តើមសាងសង់បាន។ គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគីរីនេះនឹងត្រូវចំណាយអស់ថវិកាចន្លោះប្រមាណ100លានដុល្លារ៕