រដ្ឋាភិបាលទទួលបានចំណូលប្រមាណ2,889លានដុល្លារពីការប្រមូលពន្ធក្នុងឆ្នាំ2020
ភ្នំពេញ ៖ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណូលសរុបជាង11ពាន់ប៊ីលានរៀល ស្មើនឹងប្រមាណ2,889លានដុល្លារ ពីការប្រមូលពន្ធអាករគ្រប់ប្រភេទ មានទំហំប្រមាណ101ភាគរយនៃផែនការប្រចាំឆ្នាំដែលបានកំណត់។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម គង់ វិបុល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ2020 នៅថ្ងៃទី11 ខែមករា ឆ្នាំ2020ម្សិលមិញនេះថា ការប្រមូលពន្ធគ្រប់ប្រភេទនៅក្នុងឆ្នាំ2020គឺនៅតែរក្សាបាននូវស្ថានភាពប្រសើរ និងកើនលើសផែនការដែលបានកំណត់។

ឯកឧត្តមបញ្ជាក់ថា “ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលចំណូលពន្ធរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងជាច្រើនរបស់អគ្គនាយកដ្ឋានពន្ធដារ ការប្រមូលចំណូលប្រចាំឆ្នាំ2020 អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង11ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង2,889លានដុល្លារ ស្មើជាង101ភាគរយនៃផែនការប្រចាំឆ្នាំដែលបានកំណត់ដោយច្បាប់”។
ឯកឧត្តមបន្តថា “សម្រាប់តែការប្រមូលចំណូលពន្ធនៅក្នុងខែធ្នូ ឆ្នាំ2020កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានប្រមាណជាង972ប៊ីលាន រៀលត្រូវប្រមាណជាង240 លានដុល្លារត្រូវនឹងប្រមាណជាង101ភាគរយនៃផែនប្រចាំខែដែលបានកំណត់”។
ឯកឧត្តមបញ្ជាក់ថា ជុំវិញនៃការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទោះបីកម្ពុជាកំពុងប្រឈម និងការរីករាលដាល និងជំងឺកូវីដ19 យ៉ាងណាក្តី ក៏ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទនៅមានលក្ខណៈល្អប្រសើរនៅឡើយ ពោលគឺចំនួនទឹកប្រាក់ដែលប្រមូលបាននៅតែបន្តហក់ឡើងឈរក្នុងស្ថានភាពរឹងមាំដដែល ហើយតាមរយៈការដាក់ទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំបន្ទាប់ចំណូលពន្ធអាចនឹងមានការកើនឡើងបន្ថែមទៀត៕