សហគមន៍អេកូទេសចរណ៍ ក្នុងតំបន់រ៉ាមសារ នៃខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវ​ទេស​ចរណ៍ក្នុងស្រុក និងក្រៅស្រុក ឲ្យមក​កម្សាន្ត

អត្ថបទដោយ៖
ជា សេឌី

សហគមន៍អេកូទេសចរណ៍ក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ពោរពេញទៅដោយសក្តានុពលខ្ពស់ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវក្នុងតំបន់ និងក្រៅតំបន់ជាដើមនោះ ឲ្យចាប់អារម្មណ៍ និងមកលេងកម្សាន្ត ក៏ដូចជាទស្សនានូវទស្សនីយភាពជាច្រើនបែបដែលមាននៅក្នុងតំបន់នោះ នារដូវទឹកសម្រកនេះ ។

បើចង់ទៅកម្សាន្តនៅទីនោះ គឺត្រូវធ្វើដំណើរចេញពីទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅស្ពានសេកុង និងឆ្លង​ទៅទិស​ខាង​ជើងខេត្ត បានចម្ងាយ៥គីឡូម៉ែត្រ ហើយនៅខាងឆ្វេងដៃ ឃើញមានស្លាក​សញ្ញាដាក់ថា(បក្សីមេគង្គរីសត) ហើយនៅទីនោះ និងមានអ្នកចាំជូនភ្ញៀវឲ្យដើរកម្សាន្តតាមរយៈកាណូតតូចៗ អាចផ្ទុកមនុស្សបានចំនួន៧នាក់ នោះភ្ញៀវទេសចរណ៍ និងបានទៅដល់គោលដៅកម្សាន្តតាមបំណង ។

លោក ឈួន ឆន នាយករងតំបន់រ៉ាមសារ បានបញ្ជាក់ប្រាប់ឲ្យដឹងថាៈតំបន់រ៉ាមសារ មានសហគមន៍​នេសាទចំនួន១៧ និងសហគមន៍អេកូទេសចរណ៍ចំនួន២ គឺសហគមន៍អេកូទេសចរណ៍ (សម្រស់កោះហាន) និងសហគមន៍អេកូទេសចរណ៍ (បុរីអូរស្វាយសែនជ័យ)។ រីឯជីវចម្រុះដែលមានវត្តមានបណ្តុំនៅទីនោះ មានដូចជាត្រី១៣០ប្រភេទ សត្វស្លាប៩៧ប្រភេទ និថនិកសត្វ២១ប្រភេទផងដែរ ។

លោកនាយករងតំបន់រ៉ាមសារ ក៏បានឲ្យដឹងទៀតថាៈក្នុងចំណោមកោះទាំង៥០ ដែលភ្ញៀវទេសចរណ៍និយម​ចូលចិត្តទៅទស្សនា មានកោះទន្សាយ កោះពូថៅ កោះហិប និងកោះហានជាដើម ព្រោះកោះទាំង​នោះមានសក្តានុពលអេកូឡូស៊ីខ្ពស់ក្នុងការទាក់ទាញភ្ញៀវទៅកម្សាន្តក៏ដូចជាបោះជំរុំតង់ជាដើម ។

សូមជម្រាបថាៈសហគមន៍អេកូទេសចរណ៍តំបន់រ៉ាមសារ បានធ្វើឲ្យភ្ញៀវទេសចរណ៍និយមខ្លាំង​តាមការស្នាក់​អាស្រ័យ ដោយរបៀបបោះជំរំតង់ សម្រាកលម្ហែរកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ អាំងសាច់ ញ៉ាំភេសជ្ជៈរួមនិងអាហារប្រចាំតំបន់ឆ្ងាញ់ៗ និងស្តាប់បទចំរៀងយ៉ាងពិរោះរណ្តំចិត្តនៅលើកោះ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជិះទូកកម្សាន្តមើលទេសភាពព្រៃលិចទឹក និងពពួកសត្វស្លាបជាច្រើនប្រភេទនាពេលរសៀល និងងូតទឹកលេងយ៉ាងត្រជាក់កាយ ។

សូមបញ្ជាក់ថាៈតំបន់រ៉ាមសារ គ្រប់គ្រង និងអភិរក្សដោយក្រសួងបរិស្ថាន មានចម្ងាយពីទីរួខេត្ត៥គីឡូ

ម៉ែត្រ និងមានផ្ទៃដី១.៤៦០០ហិកតា លាតសន្ធឹងនៅតាមបណ្តោយដងទន្លេមេគង្គលើ ប្រវែង៣៧គីឡូម៉ែត្រ​ផងដែរ ។ ដោយឡែកនៅក្នុងតំបន់រ៉ាមសារ មានកោះចំនួន៥០ ក្នុងនោះមានកោះធំៗចំនួន៧ និងកោះ​តូចៗចំនួន៤៣កោះ ។ ហើយភូមិសាស្ត្រតំបន់រ៉ាមសារនេះស្ថិតនៅក្នុងទឹកដីនៃស្រុកចំនួន២ និងក្រុង១​ហើយក្នុងនោះដែរគឺមានស្រុកថាឡាបរិវ៉ាត់ ស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង ៕ដេង ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner