ឥណ្ឌូនេស៊ីចាប់ផ្តើមចាក់វ៉ាក់សាំង ប៉ុន្តែទៅលើតែមនុស្សពេញវ័យប៉ុណ្ណោះ
បរទេស៖ ខណៈដែលឥណ្ឌូនេស៊ីកំពុងរៀបចំខ្លួនត្រៀមធ្វើការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះ ត្រូវបានគេដឹងថា រដ្ឋាភិបាលប្រទេសនេះបានដាក់គោលដៅសំខាន់សម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះក្រោមហេតុផលថាមានភាពប្រឈមខ្ពស់ជាងកុមារ និងមនុស្សចាស់ជរា។
បណ្តាញសារព័ត៌មាន WeForum បានចេញផ្សាយថា ឥណ្ឌូនេស៊ី នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំងតែទៅលើក្រុមមនុស្សដែលមានវ័យចន្លោះពី18 ទៅ59 ឆ្នាំប៉ុណ្ណោះ ហើយនឹងប្រើប្រាស់វិធីក្នុងការពន្លឿនការចាក់ឲ្យបានលឿនបំផុតដើម្បីអាចជួយជំរុញឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញ។
វ៉ាក់សាំងរបស់ឥណ្ឌូនេស៊ីដែលបានប្រកាសទទួលស្គាល់ និងយកមកប្រើប្រាស់នៅក្នុងតំណាក់កាលនេះ គឺជាវ៉ាក់សាំងរបស់ប្រទេសចិនដែលអភិវឌ្ឍដោយក្រុមហ៊ុន Sinovac Biotec ។
បច្ចុប្បន្ន ប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចុះកិច្ចព្រមព្រៀងទិញយកវ៉ាក់សាំងរបស់ Sinovac ចំនួន 125.5 លានដូសរួចទៅហើយ ដោយកញ្ចប់វ៉ាក់សាំងទី1 មានចំនួន3 លានដូស ត្រូវបានគេបញ្ជូនមកដល់ប្រទេសរួចរាល់ហើយ។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ីក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងវ៉ាក់សាំងរបស់ Pfizer និង AstraZeneca របស់សកលវិទ្យាល័យអង់គ្លេស Oxford ផងដែរ ប៉ុន្តែតាមផែនការវានឹងមិនអាចមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនឡើយរហូតដល់ត្រីមាសទី2 និងត្រីមាសទី3 ឆ្នាំ2021៕