ប្រធានសមាគមម្រេចកំពតបញ្ជាក់ថា ដើមឆ្នាំ២០២១នេះ ម្រេចកំពតនឹងមានទីផ្សារល្អ (Video)
ភ្នំពេញ៖ ដើមឆ្នាំ២០២១នេះ ម្រេចកំពតនឹងមានទីផ្សារល្អ ស្របពេលដែលបច្ចុប្បន្នមានក្រុមហ៊ុនធំៗកំពុងចាប់ដៃគូជាមួយកសិករផ្ទាល់នៅតាមសមាគមផលិត នេះបើតាមលោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត ។
លោកបន្តថា សម្រាប់ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះឃើញថា កសិករខ្នាតតូចធំទាំងអស់ ដែលស្ថិតនៅក្នុងសមាគម គឺសុទ្ធសឹងតែមានដៃគូរួចហើយដែរ ដូច្នេះម្រេចនៅពេលខាងមុខទៀតនឹងមានស្ថានភាពល្អ ព្រោះថា យើងមាននីតិវិធីថ្មី ដែលក្រុមហ៊ុនទទួលទិញផលិតផលរបស់យើង គឺពួកគេទិញនៅក្នុងលក្ខណៈសមធម៌ មានន័យថា ក្រុមហ៊ុនទាំងនោះ បានចាប់ដៃជាមួយកសិករផ្ទាល់ សម្រាប់ការលក់ចេញទៅសហគមអឺរ៉ុប និងអាមេរិក ព្រោះគេពេញចិត្ត និងទិញនូវផលិតផលដែលជាលក្ខណៈសមធម៌នេះ ។
លោកបន្ថែមថា ឆ្នាំ២០២០កន្លងទៅ ទិន្នផលមានការធ្លាក់ចុះបន្តិច ដោយកម្ពុជាផលិតម្រេចបានជាង៨២តោន មិនមានការលក់នៅទីផ្សារទេសចរណ៍ក្នុងស្រុកទេ ដោយលក់ចេញទៅក្រៅជាង៦៨តោន តែបើធៀបនឹងឆ្នាំ២០១៩ កម្ពុជាលក់បានជាង៧២តោន ក្នុងនោះលក់នៅទីផ្សារទេសចរណ៍ក្នុងស្រុកជាង៣០ភាគរយ ។ លោកបញ្ជាក់ថា បើទោះបីជាបណ្ដាប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាជួបបញ្ហាវិបត្តិជំងឺកូវីដ១៩ក្ដី តែសម្រាប់ការនាំចេញផលិតផលម្រេចកំពត នាពេលកន្លងមកឃើញថា មានដំណើរការជាធម្មតា ដោយអ្នកផលិតនៅតែផលិត និងអ្នកទទួលទិញនៅតែទទួលទិញ លោកថា តម្រូវការសម្រាប់ទីផ្សារម្រេចកំពតជារៀងរាល់ឆ្នាំ ជាមធ្យមមានរង្វង់អាចតិចជាង៧០តោន ឬអាចលើស៧០តោន ។
លោកបន្តថា ដំណើរការផលិតម្រេចកំពតនាពេលកន្លងមកឃើញថា កាលពីឆ្នាំ២០១៧ កម្ពុជាផលិតម្រេចបានជាង១០០តោន ដែលនេះជាតួលេខមួយលើសពីតម្រូវការទីផ្សារ ហើយបូករួមនឹងការផលិតនៅឆ្នាំបន្ទាប់មក ឃើញថា ម្រេចក៏បានសល់ជាបន្តបន្ទាប់មក តែយ៉ាងណាមិញ ខាងសមាគមបានរៀបចំបង្កើនអ្នកវេចខ្ចប់ផលិតផលម្រេចកំពតផងដែរ ។ លោកបញ្ជាក់ទៀតថា សម្រាប់ផ្ទៃដីដាំដុះម្រេច ដែលសមាគមមានគឺប្រមាណ២៣០ហិកតា មានសមាជិកជាផលិតករ៤៥៧ហិកតា និង មានសមាជិកជាក្រុមហ៊ុនចំនួន៣៨ក្រុមហ៊ុន ៕


