ប្រធានាធិបតីប៉ទុយហ្គាល់វ័យ 72 ឆ្នាំឆ្លងជំងឺកូវីដ19

បរទេស៖ យោងតាមសេចក្តីប្រកាសមួយដោយការិយាល័យប្រធានាធិបតីបានឲ្យដឹងថាលោក Marcelo Rebelo de Sousa ប្រធានាធិបតីនៃប្រទេសប៉ទុយហ្គាល់ដែលត្រៀមខ្លួនក្នុងការដណ្តើមយកតំណែងជាមេដឹកនាំប្រទេសអាណត្តិទី2 របស់ខ្លួននាថ្ងៃទី24 ខែមករាខាងមុខនេះនោះគឺត្រូវបានគេតេស្តរកឃើញវិជ្ជមានកូវីដ19កាលពីថ្ងៃម្សិលមិញ។

បុរសវ័យ72 ឆ្នាំរូបនេះនឹងត្រូវចូលរួមក្នុងពិធីដេញដោលមតិគ្នាមួយនៅថ្ងៃអង្គារនេះដែលជាកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីព្រមទាំងអ្នកជំនាញខាងសុខាភិបាលជាច្រើនរូបដើម្បីពិភាក្សាទៅលើផែនការបិទទ្វារប្រទេសដែលនឹងត្រៀមធ្វើការប្រកាសជាផ្លូវការនៅថ្ងៃ ពុធ ស្អែកនេះ ប៉ុន្តែជាលទ្ធផលលោកប្រធានាធិបតីនឹងលុបចោលរាល់កម្មវិធីបង្ហាញខ្លួនជាសាធារណៈទាំងអស់។

សេចក្តីថ្លែងការណ៍ដដែលបាក៏បានបញ្ជាក់ដែរថា លោក Rebelo បានធ្វើការជូនដំណឹងនេះទៅកាន់លោកនាយករដ្ឋមន្ត្រី Antonio Costa និងលោករដ្ឋមន្ត្រីក្រសួងការបរទេស Marta Temido រួចហើយអំពីស្ថានភាពរបស់គាត់ ដែលមកទល់ពេលនេះលោកប្រធានាធិបតី គឺត្រូវបានគេដឹងថានឹងចាប់ផ្តើមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងអគារសម្រាប់ប្រធានាធិបតីដែលស្ថិតនៅក្នុងទីក្រុង Lisbon។

គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី Antonio Costa បានប្រកាសហើយថាចំនួនអ្នកឆ្លង និងស្លាប់ដោយសារកូវីដនៅទូទាំងប្រទេសពិតជាបានធ្វើឲ្យរដ្ឋាភិបាលគ្មានជម្រើសក្រៅតែពីប្រកាសបិទទ្វារប្រទេសនោះទេ។

នៅថ្ងៃអង្គារនេះផងដែរ កិច្ចប្រជុំពិភាក្សាជាមួយនឹងក្រុមអ្នកជំនាញសុខាភិបាលនឹងនៅតែបន្តធ្វើឡើង ហើយការសម្រេចចិត្តនឹងធ្វើឡើងតាមកិច្ចប្រជុំដែលនឹងត្រូវបន្ថែម ឬពង្រឹងទៅលើបំរាមរឹតបន្តឹងដែលរដ្ឋាភិបាលធ្លាប់បានប្រកាសឲ្យអនុវត្តតាំងតែពីខែវិច្ឆិកាឆ្នាំ2020កន្លងមកនោះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner