ភាគហ៊ុនរបស់បណ្តាញសង្គម Twitter ធ្លាក់ចុះ៨ភាគរយនៅអាល្លឺម៉ង់ និង៦.៨ភាគរយនៅសហរដ្ឋអាមេរិក បន្ទាប់ពីបិទគណនីរបស់លោក ដូណាល់ ត្រាំ
អាល្លឺម៉ង់៖ ភាគហ៊ុនរបស់ Twitter ដែលចុះបញ្ជីនៅប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះដល់ទៅ៨ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ជាថ្ងៃជួញដូរដំបូង ក្រោយក្រុមហ៊ុនបណ្តាញសង្គមដ៏ធំនេះ បានបិទគណនីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាអចិន្ត្រៃយ៍ កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន នេះបើតាមសារព័ត៌មានរ៉យទ័រ ។
ស្របពេលជាមួយគ្នានោះដែរ ភាគហ៊ុនរបស់ Twitter ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ៦.៨ភាគរយផងដែរ មកនៅត្រឹមតម្លៃ៤៧.៩៤ដុល្លារក្នុងមួយហ៊ុន នៅក្នុងការជួញដូរមុនទីផ្សារ ។
សូមជម្រាបថា នេះគឺជាលើកដំបូងហើយ ដែល Twitter បានហាមឃាត់គណនីរបស់ប្រមុខ រដ្ឋ ខណៈសកម្មភាពនេះកំពុងបង្កឲ្យមានភាពចម្រូងចម្រាសនៅទូទាំងពិភពលោក ជុំវិញឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ដែលអាចមានលើការបញ្ចេញមតិ និងប្រជាធិបតេយ្យដោយសេរី ៕

