ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកខេត្តព្រះវិហារ ដណ្ដើមពានរង្វាន់៧មករា បានបញ្ចប់ជាផ្លូវការ
ខេត្តព្រះវិហារ៖ ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកខេត្តព្រះវិហារ ដណ្ដើមពានរង្វាន់៧មករា ដើម្បីអបអរសាទរខួបលើកទី៤២ ថ្ងៃជ័យជំនៈ៧មករា១៩៧៩ និង៧មករា២០២១ បានបិទហើយ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលកីឡាខេត្តព្រះវិហារ ។

លោកនាន់ បូរ៉ា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារបានថ្លែងថា វិស័យកីឡាត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រាប់ជម្រុញវិស័យកីឡាឆ្ពោះទៅរក កិត្យានុភាពជាតិ សាមគ្គីភាព និងមោទនភាពជាតិ ព្រមទាំងជួយពង្រឹងសុខភាព និងមិត្តភាព ធ្វើអោយយុវជនគ្រប់មជ្ឈដ្ឋានជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកខេត្តព្រះវិហារ ដណ្ដើមពានរង្វាន់៧មករា បែងចែកជា៤ពូលស្មើ ដែលមាន ១២ក្រុមចូលរួមប្រកួត។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១១ខែមករាឆ្នាំ២០២១ ជាលទ្ធផលនៃការប្រកួត ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមខ្លាព្រៃ CSO ទទួលបានថវិការ ២លានរៀល លេខ២បានទៅលើក្រុមព្រះវិហារ City ទទួលបានថវិការ១លាន៦០ម៉ឺន និងលេខ៣ បានទៅលើក្រុមព្រះវិហារ United ទទួលបានថវិការ ១លាន២០ម៉ឺន៕